ភ្នំពេញ៖ សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ និងដោយមានការគាំទ្រពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣ ក្រោមប្រធានបទ «ការអប់រំ និងបរិស្ថាន» នៅ សាលាបឋមសិក្សាបឹងប្រីយ៍ ស្ថិតក្នុងភូមិតាគល់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល រួមនឹងអាជ្ញាធរខេត្ត លោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណ ៣៥០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅ ក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។

ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គកាដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយពិធីដាំកូនឈើនៅតាមសាលារៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេសបានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ដែលផ្តោតសំខាន់លើមុំយុទ្ធសាស្រ្តបីសំខាន់ភាពស្អាត ភាពបៃតង និងចីរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និងបានបំផុសនៅចលនាចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណជាង៣លាន៤សែននាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕






