អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានកំពុងជួបប្រទះការហក់ឡើងខ្ពស់នៃរលកកម្ដៅខ្លាំងបន្ថែមទៀតកាលពីថ្ងៃអាទិត្យ ថ្ងៃទី ២៨ ខែមេសា ស្របពេលក្រុមអាជ្ញាធរនៅទូទាំងតំបន់បានចេញការព្រមានផ្នែកសុខភាព ហើយអ្នកស្រុកបាននាំគ្នាទៅកាន់សួនច្បារ និងផ្សារទំនើបម៉ាស៊ីនត្រជាក់នានាដើម្បីគេចចេញពីអាកាសធាតុក្ដៅ ។

រលកនៃអាកាសធាតុក្តៅខ្លាំង បានគ្របដណ្ដប់តំបន់នេះកាលពីសប្តាហ៍មុន ដែលគេបានមើលឃើញសីតុណ្ហភាពហក់ឡើងដល់៤៥ អង្សាសេ និងបង្ខំឱ្យសាលារៀនរាប់ពាន់កន្លែងក្នុងតំបន់បិទទ្វារ និងណែនាំឱ្យសិស្សស្នាក់នៅក្នុងផ្ទះ។

ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យពីការផ្អាកការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់នៅសាលារដ្ឋទាំងអស់ រយៈពេលពីរថ្ងៃ បន្ទាប់ពីថ្ងៃក្ដៅបំផុតដែលបានបំបែកកំណត់ត្រានៅក្នុងរដ្ឋធានីម៉ានីល។
នៅក្នុងប្រទេសថៃ ដែលមានមនុស្សយ៉ាងហោចណាស់៣០នាក់បានស្លាប់ ដោយសារអាកាសធាតុក្ដៅខ្លាំងពេក ឬហៅថាជំងឺសុរិយរោគ រហូតមកដល់ពេលនេះ ក្រសួងឧតុនិយមបានព្រមានពីស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីសីតុណ្ហភាពក្នុងខេត្តភាគខាងជើងមួយបានកើនឡើងលើសពី ៤៤,១ អង្សាសេកាលពីថ្ងៃសៅរ៍។
ហើយនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងបង់ក្លាដែស ក្រុមអ្នកព្យាករណ៍បានព្រមានថា សីតុណ្ហភាពអាចកើនឡើងលើសពី ៤០អង្សារសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈប្រជាពលរដ្ឋកំពុងស៊ូទ្រាំនឹងកម្ដៅក្តៅខ្លាំង និងសំណើមក្ដៅដែលធ្វើឲ្យមនុស្សពិបាកដកដង្ហើម។
ប្រជាពលរដ្ឋម្នាក់នៅទីក្រុង យ៉ាងហ្គូន (Yangon) របស់សហភាពមីយ៉ាន់ម៉ា បាននិយាយថា រូបគេមិនហ៊ានចេញក្រៅទេនៅពេលថ្ងៃ ព្រោះបារម្ភថានឹងមានជំងឺសុរិយរោគ។
ក្រសួងអាកាសធាតុរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ថាស្ថានភាពរលកកម្ដៅធ្ងន់ធ្ងរនឹងបន្តរហូតដល់រយៈពេលជាច្រើនថ្ងៃទៀត នៅក្នុងរដ្ឋមួយចំនួនទន្ទឹមនឹងសីតុណ្ហភាពកើនឡើងដល់ ៤៤អង្សាសេ នៅក្នុងទីតាំងមួយចំនួន។

សីតុណ្ហភាពពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ហើយទីភ្នាក់ងារអាកាសធាតុ របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា តំបន់អាស៊ីកំពុងឡើងកម្ដៅក្នុងល្បឿនយ៉ាងលឿនបំផុត៕