អ្នកគាំទ្រគណបក្សសង្គមនិយមរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យនាយករដ្ឋមន្ត្រី លោក ប៉េដ្រូ សានឆេស(Pedro Sanchez) បន្តតំណែង បន្ទាប់ពីលោកបានធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើលក្នុងសប្តាហ៍មុននេះ ដោយនិយាយថាលោកអាចលាចេញពីតំណែងជានាយករដ្ឋមន្ត្រី។

លោក Sanchez បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា លោកនឹងដកខ្លួនរយៈពេលពីរបីថ្ងៃ ដើម្បីសម្រេចចិត្តថាតើលោកចង់បន្តការដឹកនាំរដ្ឋាភិបាលឬយ៉ាងណា បន្ទាប់ពីតុលាការបានចាប់ផ្តើមការស៊ើបអង្កេតអំពើពុករលួយអាជីវកម្មលើការរកស៊ីឯកជនរបស់ភរិយាលោក។
លោកនិយាយថា នេះជាផ្នែកមួយនៃយុទ្ធនាការបង្កាច់បង្ខូចលោក និងក្រុមគ្រួសាររបស់លោក ដោយអ្នកប្រឆាំងផ្នែកនយោបាយ។

ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅមុខសភាប្រទេសអេស្ប៉ាញ អំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោក Sanchez នៅបន្តតំណែង ដោយមនុស្សជាច្រើនគ្រវីទង់ជាតិ និងស្រែកពាក្យថា «លោក Pedro កុំលែងពីតំណែង» ។
លោក Sanchez បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងភរិយារបស់លោក គឺលោកស្រី បេហ្គោណា ហ្គូម៉េស(Begona Gomez) និងបាននិយាយថា លោកនឹងប្រកាសការសម្រេចចិត្តអំពីអនាគតរបស់លោកនៅថ្ងៃចន្ទនេះ។