ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអរគុណដល់បងប្អូនជនរួមជាតិដែលបានគាំទ្រដល់សារនយោបាយរបស់សម្តេចគឺអរគុណសន្តិភាព ហើយសម្ដេចថា មានតែភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។ សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះ តាមរយៈសារលិខិតរបស់សម្ដេចក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១កញ្ញាឆ្នាំ២០២០នេះ។
តាមរយៈសារលិខិតនេះសម្ដេចបានគូសបញ្ជាក់ដោយថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិដែលបានគាំទ្រដល់សារនយោបាយរបស់សម្ដេចគឺអរគុណសន្តិភាពដែលសម្ដេចយល់ថាមានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ។សម្ដេច បានបន្តថា មនុស្សទាំងអស់គ្នាត្រូវការសន្តិភាពលើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។
សម្ដេចបានបន្តថា“អរគុណសន្តិភាព” បានក្លាយទៅជាពាក្យស្លោករបស់ ប្រជាជនដែលស្រឡាញ់សន្តិភាព។ សារលិខិតរបស់សម្ដេច ក៏បានបញ្ជាក់ថា ក្នុងនាម ជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមបំផ្លិចបំផ្លាញដ៏រ៉ាំរ៉ៃ ក្រោយពីទទួលបាននូវការបង្រួបបង្រួមជាតិពិតប្រាកដ សុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងការរីកចម្រើននៅលើគ្រប់វិស័យគួរជាទីមោទនៈកម្ពុជាមិនភ្លេចនូវមនោសញ្ចេតនារបស់ខ្លួនដែលមានចំពោះប្រជាជាតិផ្សេងទៀតនៅក្នុងពិភពលោកតាមរយៈការសម្ដែងចេញនូវការខិតខំចែករំលែកបទពិសោធន៍ក្នុងការកសាងថែរក្សាការពារសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ។នេះគឺជាឆន្ទៈដ៏មោះមុតរបស់កម្ពុជាក្នុងការសម្ដែងសាមគ្គីភាពជាអន្តរជាតិនិងរួមវិភាគទានដោយកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីបុព្វហេតុសន្តិភាព សន្តិសុខនិងមនុស្សធម៌ទៅលើពិភពលោក។
សម្តេច បានបន្តដែរថា កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ក្នុងការចូលរួមរបស់ខ្លួន ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពពិភពលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ បើទោះជាមានការប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក៏ដោយ។ឆ្នាំនេះគឺជាឆ្នាំទី១៤ដែលកម្ពុជា បានបញ្ជូនកងកម្លាំងសរុបចំនួន ៦ ៨២២នាក់ (ស្រី៣៦៩នាក់ )ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប នៅតំបន់បេសកកម្មចំនួន ១០ ក្នុងប្រទេស៩ រួមមាន ឆាដ៍ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលីនិង យេមែន។ គិតត្រឹមដំណាច់ខែកក្កដានេះ កងកំលាំងកម្ពុជាកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពមានចំនួន ៧៨៧នាក់(ស្រី៧៦នាក់)នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាលនិង យេមែន៕
