ភ្នំពេញ៖ ទុនបម្រុងអន្តរជាតិ ដែលគ្រប់គ្រងដោយធនាគារជាតិ នៃកម្ពុជា បានកើនឡើងដល់ ២០ប៊ីលានដុល្លារអាមេរិក ក្នុងកំណើនជាមធ្យម២១%ក្នុងមួយឆ្នាំ ដែលអាចធានាការនាំចូលទំនិញ និងសេវា សម្រាប់គ្រាបន្ទាប់បានចំនួនប្រមាណ ១០ ខែ។
យោងតាមឯកសារដំណើរការឆ្ពោះទៅកាន់ប្រសិទ្ធភាព ប្រព័ន្ធធនាគារ និងរូបិយវត្ថុអន្តរជាតិ ដែលចេញដោយធនាគារជាតិ នៃកម្ពុជា បានបង្ហាញឲ្យដឹងថា មកដល់បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិ ដែលគ្រប់គ្រងដោយធនាគារជាតិ នៃកម្ពុជាបានកើនដល់ ២០ ប៊ីលានដុល្លារអាមេរិក។
ចាប់តាំងពីឆ្នាំ១៩៩៤ មក ទុនបម្រុងអន្តរជាតិបានកើនឡើង ១០០ ដង។ បើគិតរយៈពេល២ទស្សវត្សរ៍ចុងក្រោយ ចំនួននេះមានកំណើនជាមធ្យម ២១%។ ដូច្នេះមកដល់បច្ចុប្បន្នទុនបម្រុងអន្តរជាតិ កម្ពុជាអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណរយៈពេល ១០ខែ ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
ធនាគារជាតិ នៃកម្ពុជាបានបញ្ជាក់ថា វិស័យធនាគារបានបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងបានពង្រីកវិសាលភាពសេវាកម្មនៅទូទាំងប្រទេស។
ជាក់ស្ដែងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ទ្រព្យសកម្មវិស័យធនាគារបានកើនឡើង ៩៣ ដង ឥណទានបានកើនឡើង ១៧៨ដង និងប្រាក់បញ្ញើកើនឡើង ៩៥ ដង កំណើនទាំងនេះ បង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិននិងប្រជាពលរដ្ឋមកលើប្រព័ន្ធធនាគារនិងរូបិយវត្ថុកម្ពុជា។
ជុំវិញសកម្មភាពរបស់វិនិយោគិន និងធនាគារ, នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ វិស័យសំខាន់ៗ ចំនួន ៣ បានហក់ឡើងខ្ពស់គួរជាទីកត់សម្គាល់ ក្នុងនោះ ទ្រព្យសកម្ម បានហក់ឡើង ២២៤ ទ្រីលានរៀល ត្រូវជាង ២០០% នៃផលិត ផលក្នុងស្រុកសរុប (ផ.សស) ។ ចំណែកទំហំឥណទាន មានចំនួន ១៤៦ ទ្រីលានរៀល ត្រូវ ១៣២% នៃ ផ.ស.ស, និងប្រាក់បញ្ញើមាន ១២៨ ទ្រីលានរៀល ត្រូវជាង ១១៣% នៃ ផលិតផលក្នុងស្រុកសរុប (ផ.សស) ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
