បន្ទាយមានជ័យ ៖ គម្រោងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល មួយកន្លែងផ្សេងទៀត ដែលបាននឹងកំពុងរៀបចំទាំងថ្ងៃទាំងយប់ ស្ថិតនៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាចដាក់ពលករបានជាង៣.០០០នាក់។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅភូមិខ្លាកូនថ្មីនេះ មានផ្ទៃដី២ហិកតា ហើយមានរោង២ ដែលមានទំហំ១ហិកតាដែលសាងសង់ដោយក្រុមការងាររបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បាននឹងកំពុងសម្រុកធ្វើការសាងសង់និងជួសជុលអតីតសំណង់រោងចក្រមួយនេះ ទាំងថ្ងៃទាំងយប់ ដើម្បីសម្រួលឲ្យបានឆាប់ហើយរួចរាល់សំរាប់ទទួលពលករវិលត្រលប់មកពីប្រទេសថៃបានស្នាក់នៅធ្វើចត្តាឡីស័ក ក៏ដូចជាស្នាក់នៅព្យាបាលអ្នកជំងឺផងដែរ ។
ជាមួយគ្នានោះដែរ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ ដោយបានមានការគាំទ្រពីថ្នាក់លើ បាននឹងកំពុងសាងសង់បន្ថែមមណ្ឌលចត្តាឡីស័ក ២កន្លែងផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ សំរាប់ត្រៀមបន្ត ខណៈមណ្ឌលនេះនៅពេលសង់រួចអាចមានតម្រូវខ្វះខាត។
ក្នុងស្រុកព្រះនេត្រព្រះ បានត្រៀមកំពុងរៀបចំមណ្ឌលចត្តាឡីស័កថ្មី១កន្លែងទៀត នៅវិទ្យាល័យ ហ៊ុន សែន ទឹកជោរឃុំទឹកជោរ សម្រាប់ទទួលពលករខ្មែរ ដែលបញ្ជូនត្រឡប់ពីប្រទេសថៃ ក្នុងស្រុកនេះដែរអាចដាក់ចំណុះបានជិត២.០០០នាក់។
មណ្ឌលផ្សេងទៀតចំនួន៣កន្លែង ១,នៅវិទ្យាល័យហ៊ុន សែន ជប់វារី ឃុំជប់វារី(ទីរួមស្រុក) ២,វិទ្យាល័យហ៊ុន សែន ឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ៣,នៅវិទ្យាល័យទឹកជោរឃុំទឹកជោរនេះ សម្រាប់ដាក់ពលករមកពីប្រទេសថៃ។
នឹងស្រុកមង្គលបូរី មានមណ្ឌលចត្តាឡីស័កធំៗ៣កន្លែង គឺ ១/នៅវិទ្យាល័យមង្គលបូរី។២/នៅវិទ្យាល័យហ៊ុន សែនមង្គលបូរី នៅឃុំឬស្សីក្រោក។ ៣/វិទ្យាល័យ ភ្នំធំ នៅឃុំអូរប្រាសាទ ដែលអាចដាក់ពលករវិលពីប្រទេសថៃចំនួនជាង២.០០០នាក់ ។
គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័កជាង២០កន្លែង នៅទូទាំង៩ស្រុក/ ក្រុង៕
អត្ថបទ ៖ ឃិនសារិទ្ធ



