នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹងយាងមកប្រទេសកម្ពុជាក្រៅផ្លូវការ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃទី២៩មេសាខាងមុខនេះ ព្រះមហាក្សត្រប្រុយណេព្រះអង្គ និងយាងមកដល់កម្ពុជាដែលសម្ដេចនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។

សម្ដេចតេជោបន្ថែមថា ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយសម្ដេចព្រោះកាលពីឆ្នាំ២០១១ពេលសម្ដេចទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលសម្ដេចនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ»។
សម្តេចតេជោ បានឲ្យដឹងទៀតថា «គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តមថាក់ ស៊ីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសាខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕


