ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ បានសុំអង្វរជាថ្មីទៅកាន់សហគមន៍អន្តរជាតិ ឱ្យប្រញាប់ប្រញាល់ និងផ្តល់ការការពារដែនអាកាសបន្ថែមទៀត និងចាប់ផ្តើមកិច្ចពិភាក្សាផ្លូវការសម្រាប់ប្រទេសរបស់លោកដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប និងអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមក្នុងសម្ព័ន្ធយោធាណាតូ។

កងកម្លាំងអ៊ុយក្រែន ប្រឈមមុខទៅនឹងស្ថានភាពកាន់តែលំបាកទៅៗនៅភាគខាងកើត និងរង់ចាំការការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការអនុម័តកាលពីថ្ងៃទី២៣ ខែមេសា ដោយសភានៃកញ្ចប់ជំនួយ៦១ពាន់លានដុល្លារ បន្ទាប់ពីការពន្យារពេលជាច្រើនខែ។
លោក Zelenskiy បានសុំអង្វរម្តងហើយម្តងទៀត សម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ជាពិសេសប្រព័ន្ធ មីស៊ីល ប៉ាទ្រីយ៉ូត(Patriot) ។

លោក Zelenskiy និយាយថា លោកទើបតែបាននិយាយជាមួយមេដឹកនាំសភាសំឡេងភាគតិចរបស់សហរដ្ឋអាមេរិក លោក ហាឃីម ជេវហ្វ្រីស(Hakeem Jeffries) ហើយបានអរគុណដល់សភាសម្រាប់ការអនុម័តកញ្ចប់ជំនួយ ប៉ុន្តែបាននិយាយបន្ថែមថា អ៊ុយក្រែនកំពុងធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចបាននូវល្បឿននៃការដឹកជញ្ជូនដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន រក្សាទីតាំងរបស់ខ្លួន និងរារាំងដល់ផែនការសង្គ្រាមរបស់រុស្ស៊ី។
និយាយអំពីការចូលជាសមាជិកសហភាពអឺរ៉ុប លោក Zelenskiy បាននិយាយថា អ៊ុយក្រែន បានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការចរចាចូលជាសមាជិកដើម្បីចាប់ផ្តើម ហើយបច្ចុប្បន្ននេះ ភាគីសហភាពអឺរ៉ុប ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន។