សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ ២៨ ខែមេសា ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងបានបញ្ជាក់ ជំហរជាច្មីរបស់លោកយ៉ាងច្បាស់ លើការលុកលុយដែលអាចកើតមានក្នុងទីក្រុងព្រំដែនរ៉ាហ្វា(Rafah)របស់ព្រំដែនហ្កាហ្សា។

សេចក្តីថ្លែងការណ៍ដែលចេញដោយសេតវិមាន ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើផ្នែកនៃការសន្ទនានោះទេ។ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនមិនអាចគាំទ្រប្រតិបត្តិការតំបន់ រ៉ាហ្វា ដោយគ្មានផែនការមនុស្សធម៌សមរម្យ និងគួរឱ្យទុកចិត្តបានទេ។

ថ្លែងពេលថ្មីៗនេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមស្តាប់ការព្រួយបារម្ភ និងគំនិតរបស់សហរដ្ឋអាមេរិក មុនពេលចាប់ផ្តើមការឈ្លានពាន។
មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទចុងក្រោយកាលពីថ្ងៃទី១៣ ខែមេសា បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងយានដ្រូនលើអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍បាននិយាយថា លោកប្រធានាធិបតីអាមេរិក រូបនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកចំពោះសន្តិសុខរបស់អ៊ីស្រាអែល ។លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វឌ្ឍនភាពនេះឱ្យមាននិរន្តរភាព និងពង្រឹងការសម្របសម្រួលពេញលេញជាមួយអង្គការមនុស្សធម៌។
មេដឹកនាំទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចពិភាក្សាដែលបានរៀបចំឡើងដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលនៅតែជាប់ឃុំក្នុងដៃក្រុមហាម៉ាសនៅឡើយ ចាប់តាំងពីការវាយប្រហាររបស់ក្រុមនេះ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ។ មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីការបង្កើនល្បឿននៃការផ្តល់ជំនួយ រួមទាំងការត្រៀមលក្ខណៈដើម្បីបើកច្រកថ្មីចូលទៅក្នុងដែនដីហ្កាហ្សាផងដែរ៕