ក្រុមប្រឹក្សាអន្តរកាលរបស់ប្រទេសហៃទី កាលពីថ្ងៃសៅរ៍ (២៧ មេសា) បាននិយាយថា ខ្លួននឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះនៅថ្ងៃអង្គារ (៣០ មេសា) ស្អែកនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីនាំប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ស្របពេលមានកំណើនអំពើហិង្សាពីក្រុមជនអន្ធពាល។

ក្រុមប្រឹក្សាអន្តរកាលបានចូលកាន់អំណាចនៅក្នុងពិធីមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យអតីតនាយករដ្ឋមន្ត្រី អារីយែល ហង់រី (Ariel Henry) លាលែងពីតំណែងជាផ្លូវការ។ អាណត្តិរបស់រដ្ឋាភិបាលអន្តរកាលនេះដំណើរការដល់ខែកុម្ភៈ ឆ្នាំ២០២៦ ឬនៅពេលដែលគេកំណត់ថានឹងមានការបោះឆ្នោត ហើយមិនអាចបន្តទៀតបានទេ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះនឹងប្រព្រឹត្តទៅនៅការិយាល័យ វីឡា ដាក់គុយ (Villa d'Accueil) របស់នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារ។

ការដំឡើងរបស់ក្រុមប្រឹក្សានេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដាក់ពង្រាយបេសកកម្មសន្តិសុខពហុជាតិដែលលោក ហង់រី បានស្នើសុំក្នុងឆ្នាំ២២២ ហើយអង្គការសហប្រជាជាតិបានអនុម័តជាងប្រាំមួយខែមុន៕