ការប្រកួតកីឡាបាល់ទះ ៤ស្មើទូទាំងប្រទេស ដណ្ដើមពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ចប់ហើយ ដោយសមាគមកីឡាបាល់ទាត់ វិសាខា (A) បានគ្រងជើងឯក អមប្រាក់រង្វាន់ ៥០លានរៀល បន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-១សិត ជាមួយពិន្ទុ ២៥-២២, ២៥-២០, ២៥-២៧ និង ២៥-១៨ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតពានបាល់ទះ ៤ស្មើរយៈពេល ២ខែកន្លងមក តាំងពីវគ្គជម្រុះតាមភូមិភាគ រហូតដល់ជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដែលការប្រកួតមានភាពស្វិតស្វាញខ្លាំង កាត់បន្ថយគម្លាតសមត្ថភាពរវាងក្រុមនៅរាជធានី និងតាមបណ្ដាលខេត្ត ពិសេសបានកែទម្លាប់លេងក្រៅប្រព័ន្ធ មកលេងបាល់ទះតាមស្ដង់ដារ ដែលជាគំរូដ៏ល្អសម្រាប់កីឡាករទូទាំងប្រទេស ។

ជាមួយគ្នាកីឡាករ ប៊ន ណារិទ្ធ សមាជិកក្រុមក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ ចំពោះការរៀបចំពានបាល់ទះ ៤ស្មើទូទាំងប្រទេសរបសសហព័ន្ធ ។ ទោះបីមិនអាចជួយក្រុមឈ្នះពាន តែការចូលរួមពីបណ្ដាលក្រុមរាជធានី-ខេត្តយ៉ាងផុសផុល បានធ្វើឲ្យខ្លួនរីករាយ ចំពោះសញ្ញាណដ៏ល្អនៃភាពរីកចម្រើនវិស័យបាល់ទះកម្ពុជា ហើយគេក៏សង្ឃឹមថា នឹងមានការប្រកួតស្ដង់ដារ ៦ស្មើ និងបន្ដរៀបចំពាន ៤ស្មើជាហូរហែលបន្ថែមទៀតផងដែរ ។
សូមរំឮកថា ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ៤ស្មើទ្រង់ទ្រាយធំទូទាំងប្រទេសនេះ បានចាប់ផ្ដើមការប្រកួតជម្រុះ កាលពីចុងខែកុម្ភៈ រហូតដល់ចុងខែមីនា ដោយបែងចែកជា ៥មណ្ឌល និងមាន ៥២ក្រុមចូលរួម ដើម្បីចម្រាញ់យកក្រុមលេខ១ និងលេខ២ ប្រចាំមណ្ឌលនីមួយៗ ឡើងជុំផ្ដាច់ព្រ័ត្រ ជាមួយបេក្ខភាព ៦ក្រុមទៀត នៃជើងឯក «តេជោលីគ» ។

ជាលទ្ធផលក្រោយបញ្ចប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Wurkz Special Volleyball Cup 4x4 2024 ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា សម្រាប់ក្រុមលេខ១ បានទៅក្រុមបាល់ទះវិសាខា ទទួលបានពាន អមប្រាក់រង្វាន់ ៥០លានរៀល, លេខ២ ក្រុមក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងលេខ៣ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ ទទួលបានប្រាក់រង្វាន់ ១២លានរៀល ៕ អត្ថបទ លី ឈុនឡា




