ហៃទី៖ នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ដែលទើបស្បថចូលកាន់តំណែងថ្មីរបស់ហៃទីបាននិយាយថា រដ្ឋាភិបាលរបស់លោកមានគម្រោងធ្វើការ ដើម្បីអនុញ្ញាតឱ្យប្រទេសក្នុងតំបន់ការ៉ាអ៊ីបមួយនេះ រៀបចំការបោះឆ្នោតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី Jovenel Moise ដែលបានធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពមិនច្បាស់លាស់ ផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរ។

កាលពីថ្ងៃពុធនោះដែរ សមាជិកក្រុមប្រឆាំងជាច្រើននាក់ដែលកំពុងប្រឆាំងនឹងអន្តរាគមន៍ និងការជ្រៀតជ្រែកពីបរទេសចូលក្នុងនយោបាយហៃទី បានហែក្បួនតវ៉ាទៅកាន់ស្ថានទូតអាមេរិកនៅទីក្រុងរដ្ឋធានីព័រអូប្រាំង ដោយបានដុតកង់រថយន្តផងដែរ។ លោក Ariel Henry ដែលត្រូវបានបញ្ជាក់ជានាយករដ្ឋមន្ត្រីក្នុងពិធីមួយ នៅទីក្រុងរដ្ឋធានីព័រអូប្រាំង (Port-au-Prince) កាលពីសប្ដាហ៍មុនបាននិយាយកាលពីថ្ងៃពុធថា បេសកកម្មរបស់រដ្ឋាភិបាលនេះគឺរៀបចំលក្ខខណ្ឌ ដើម្បីរៀបចំការបោះឆ្នោតឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោក Henry មិនបាននិយាយថា នៅពេលណាឲ្យប្រាកដនោះទេ ចំពោះការបោះឆ្នោតដែលលោក Moise ធ្លាប់បានសន្យាថានឹងរៀបចំនៅចុងឆ្នាំនេះទេ។
ការអត្ថាធិប្បាយរបស់លោកធ្វើឡើង ស្របពេលដែលប្រទេសហៃទីបន្តរំជើបរំជួល ដោយសារអស្ថិរភាពនយោបាយដែលកាន់តែអាក្រក់ទៅៗ ព្រោះតែការស្លាប់របស់លោកប្រធានាធិបតី Moise កាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែកក្កដា នៅពេលដែលក្រុមខ្មាន់កាំភ្លើងប្រដាប់អាវុធ បានសម្រុកចូលគេហដ្ឋានឯកជនរបស់លោកនៅក្នុងរដ្ឋធានី និងបាញ់ស្រោចលើរូបលោក និងភរិយាបណ្ដាលឲ្យរងរបួសធ្ងន់។ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានទទូចដល់ក្រុមមេដឹកនាំហៃទីដើរទៅមុខ ជាមួយនឹងការបោះឆ្នោតជាមធ្យោបាយមួយ ដើម្បីចេញពីវិបត្តិដែលកំពុងកប់ជ្រៅ ប៉ុន្តែបណ្ដាមេដឹកនាំសង្គមស៊ីវិលបានចោទជាសំណួរថា តើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសហៃទី អំណោយផលដល់ការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ដែរ ឬទេ៕
អត្ថបទ៖ សុខមាន