ព្រែកជីកហ្វូណនតេជោ បានក្លាយជាប្រធានបទសំខាន់សម្រាប់សង្គមកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ សម្រាប់យុវជន បង្ហាញជាការគាំទ្រទាំងស្រង់ ចំពោះការកសាងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ពួកគេក៏ចង់ឃើញសមិទ្ធផលព្រែកជីកហ្វូនណនតេជោ លេចឡើងជារូបរាងឆាប់ៗដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិកម្ពុជា។
ព្រែកជីកហ្វូណនតេជោជាគម្រោងសាងសង់ផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ គម្រោងនេះជាគំនិតផ្ដួចផ្ដើមដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោនេះមានប្រវែង ១៨០គីឡូម៉ែត្រដោយតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
ជាការមើលឃើញរបស់យុវជន ក៏មិនខុសពីប្រជាពលរដ្ឋទូទៅនោះទេ។ យុវជនបង្ហាញជាការគាំទ្រយ៉ាងមុតមាំទៅលើគម្រោងមួយនេះ។ ពួកគេចង់ឃើញ ព្រែកជីកហ្វូណនតេជោ លេចឡើងជារូបរាងឆាប់ៗ និងជឿជាក់ថា ប្រព័ន្ធធារាសាស្ត្រដ៏ធំជាប្រវត្តិសាស្រ្តនេះ នឹងផ្ដល់ជាអត្ថប្រយោជន៍ធំធេងលើច្រើនវិស័យ ពិសេសជួយបង្កើនសេដ្ឋកិច្ចជាតិកម្ពុជា ផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងដែរថា កម្ពុជានឹងកសាងព្រែកជីកហ្វូណនតេជោនេះឱ្យបាន។ ការសាងសង់អាចចាប់ផ្ដើមនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។ សម្ដេចលើកឡើងដែរថា គម្រោងនេះ ប្រើប្រាស់ពេលវេលា ២៦ខែ សម្រាប់ការសិក្សាលម្អិត ដោយមានការចូលរួមពីអ្នកជំនាញកម្រិតពិភពលោកជិត៥០រូប។
គម្រោងព្រែកជីកហ្វូណនតេជោគ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ ព្រែកជីកនេះ ឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន៣កន្លែង ស្ពាន ១១កន្លែងផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ គម្រោងសាងសង់ អាចប្រើប្រាស់ពេលវេលាចំនួន៤ឆ្នាំ៕ អត្ថបទ៖ គឹមហុក

