បាល់ទាត់៖ ខ្សែការពារចំនូលថ្មីរបស់ក្លិបអេស្ប៉ាញ Real Madrid, David Alaba ត្រូវធ្វើតេស្តឃើញវិជ្ជមាន Covid-19 មួយសប្តាហ៍បន្ទាប់ពីការបង្ហាញខ្លួនផ្លូវការជាមួយ Real Madrid។ Real Madrid មិនបានបញ្ជាក់ពីស្ថានភាព របស់ខ្សែការពារសញ្ជាតិអូទ្រីសរូបនេះឡើយ ក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញ។
កីឡាករវ័យ ២៨ឆ្នាំរូបនេះបានមកដល់ Real Madrid កាលពីសប្តាហ៍មុនចុះហត្ថលេខារយៈពេល ៥ឆ្នាំជាមួយ Real Madrid បន្ទាប់ពីផុតកិច្ចសន្យាជាមួយ Bayern Munich។ រំលឹកថា David Alaba បានរួមរស់ជាមួយ Bayern Munich តាំងពីវ័យ ១៣ឆ្នាំដោយបានបង្ហាញខ្លួនសរុបអោយ Bayern Munich ២៦៩ប្រកួតរកបាន ២២គ្រាប់។ ការមកដល់របស់ David Alaba គឺដើម្បីប៉ះប៉ូវតំបន់ការពារដែលខ្វះខាត បន្ទាប់ពីការចាកចេញរបស់ Sergio Ramos ទៅកាន់ Paris Saint Germain និងស្របពេល Raphael Varane នឹងផ្ទេរមកកាន់ Manchester United នៅពេលឆាប់ៗនេះ បន្ទាប់ពីភាគីទាំងអស់បានឈានដល់កិច្ចព្រមព្រៀង៕
អត្ថបទ៖នាង សុភាវុធ