លោក ឌ្មីទ្រី ម៉េដវីដេវ (Dmitry Medvedev) មន្ត្រីសន្តិសុខជាន់ខ្ពស់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី អាចឆ្លើយតបទៅនឹងការរឹបអូសប្រាក់បំរុងរបស់ខ្លួនដែលត្រូវបានបង្កកនៅលោកខាងលិចដោយសហរដ្ឋអាមេរិក គឺដោយការរឹបអូសទ្រព្យសម្បត្តិ រួមទាំងទ្រព្យសម្បត្តិ និងសាច់ប្រាក់របស់ពលរដ្ឋអាមេរិក និងអ្នកវិនិយោគ នៅក្នុងប្រទេសរុស្ស៊ី។

សភាតំណាងរាស្រ្តអាមេរិក បានអនុម័តច្បាប់អនុញ្ញាតឲ្យរដ្ឋបាលរបស់លោក បៃដិន ( Biden) រឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានរក្សាទុកនៅក្នុងធនាគារអាមេរិក ហើយផ្ទេរវាទៅអ៊ុយក្រែន ជាអ្វីដែលវិមានក្រឹមឡាំង បាននិយាយថា នឹងខុសច្បាប់ និងបង្កឲ្យមានការសងសឹក។

ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានហាមឃាត់ការធ្វើប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី ហើយបានរារាំងទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារ នៅលោកខាងលិច ដែលភាគច្រើន គឺស្ថិតនៅក្នុងស្ថាប័នហិរញ្ញវត្ថុអឺរ៉ុបមិនមែនអាមេរិក។
ក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧ (G7) ក៏កំពុងសម្លឹងមើលផងដែរនូវអ្វីដែលខ្លួនអាចធ្វើបានជុំវិញទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនោះ។