ក្រុមអ្នកតវ៉ា បានដុតរូបថតមេដឹកនាំប្រទេស G7 និងបានស្រែកថា ពួកគេទាំង៧ យើង៩៩% "Them 7, us 99%" អំឡុងការតវ៉ាជិតទីក្រុងទូរីន(Turin) របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ២៨មេសា។

ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុង ឡា វ៉េណារីយ៉ា រៀល (La Venaria Reale) បានប្រមូលផ្ដុំគ្នា មុនជំនួប ថ្នាក់រដ្ឋមន្ត្រីក្រសួងថាមពល របស់ក្រុមប្រទេសសមាជិកចំនួន ៧ប្រទេសឬ G7 ។ជាមួយគ្នានោះ មានសេចក្ដីរាយការណ៍ពីការបិទផ្លូវភាគខាងជើងទីក្រុង ទូរីន។

ជំនួបរដ្ឋមន្ត្រីប្រទេស G7 ស្ដីពីអាកាសធាតុ ថាមពល និង បរិស្ថាន នឹងកើតឡើងនៅថ្ងៃចន្ទទី២៩មេសា ដល់ថ្ងៃអង្គារទី៣០មេសាសប្ដាហ៍នេះ នៅក្នុងទីក្រុងទូរីន ។
ប្រភពពីការទូតមួយចំនួន និង ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលទាំង៧ នៅក្នុងទីក្រុង ទូរីន បានឲ្យដឹងថា ប្រទេសអ៊ីតាលី ធ្វើជាម្ចាស់ផ្ទះជំនួបប្ដូរវេនប្រទេស G7 នៅឆ្នាំនេះ ។ ប្រទេសនេះ កំពុងរុញសម្រាប់កិច្ចព្រមព្រៀងមួយក្នុងចំណោមប្រទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទាំង៧ ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការបញ្ឈប់ការដុតធ្យូងថ្មក្នុងជំនាន់ឧស្សាហកម្មទំនើប ។
ថាមពលនុយក្លេអ៊ែរ គឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុត នៅក្នុងប្រទេសអ៊ីតាលី ជាទីដែលរោងចក្រថាមពលនុយក្លេអ៊ែរ នានា ត្រូវបាមហាមប្រាម បន្ទាប់ពីប្រទេសអ៊ីតាលី បានបោះឆ្នោតប្រជាមតិឆ្នាំ២០១១ ប្រឆាំងនឹងច្បាប់ មួយសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ៕