កំពត ៖ គិតមកដល់ល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ពលរដ្ឋរស់នៅក្នុងភូមិដូនយ៉យ និងភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូកបានស្លាប់ម្នាក់ទៀតហើយ ក្នុងករណីសង្ស័យថា ពុលស្រាសនោះ។
លោក ស៊ឺន កើន នាយប៉ុស្តិ៍គរបាលរដ្ឋបាលឃុំដូនយ៉យ បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ មានពលរដ្ឋម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៧នាក់។
បើតាមលោកនាយប៉ុស្តិ៍ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែកក្កដានេះ មានប្រជាពលរដ្ឋចំនួន៣០នាក់ ដែលបានពាក់ព័ន្ធនឹងករណីសង្ស័យថា ពុលស្រាស ក្នុងនោះស្លាប់៧នាក់ កំពុងសម្រាកព្យាបាលម្នាក់ រីឯអ្នកផ្សេងទៀត មានសុខភាពធម្មតា។ដោយឡែកចំពោះអ្នកលក់ស្រា ស បានរត់គេចខ្លួនបាត់។
ករណីពុលស្រាស នៅខេត្តកំពតបានកើតឡើងពីរលើករួចមកហើយ ក្នុងស្រុកកំពង់ត្រាច នាចុងខែឧសភា និងដើមខែកក្កដា ឆ្នាំ២០២១នេះ បណ្តាលឱ្យមនុស្សប្រុសស្រីជិត២៩នាក់ បានស្លាប់។
ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរខេត្ត បានចាត់វិធានការ និងចេញបទបញ្ជាមិនឲ្យជនណាម្នាក់បិទស្រាដោយខុសច្បាប់ ឬគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញនោះទេ ក្នុងករណីមានត្រូវរឹបអូសសម្ភារៈ និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សារីម

