សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអង់គ្លេស អាចនឹងមានភារកិច្ចក្នុងការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សាពីកំពង់ផែឈូងសមុទ្រដែលឥឡូវនេះកំពុងត្រូវបានសាងសង់ដោយយោធាសហរដ្ឋអាមេរិក។ មន្ត្រីរដ្ឋាភិបាលចក្រភពអង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ។

សារព័ត៌មាន BBC បានរាយការណ៍ ដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនស្គាល់អត្តសញ្ញាណថា រដ្ឋាភិបាលអង់គ្លេស កំពុងពិចារណាអំពីការដាក់ពង្រាយទាហាន ដើម្បីបើករថយន្តដឹកទំនិញ ដែលនឹងដឹកជំនួយពីកំពង់ផែតាមបណ្តោយផ្លូវបណ្តែតទឹក ទៅលើគោក។ គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងទេ ហើយសំណើនេះ មិនទាន់ទៅដល់លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak) នៅឡើយទេ។

របាយការណ៍នេះ កើតឡើង បន្ទាប់ពីមន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមានវត្តមានទាហានអាមេរិកនៅទីនោះទេ ហើយប្រទេសមួយផ្សេងទៀត នឹងផ្តល់បុគ្គលិក ដើម្បីបើករថយន្តដឹកជញ្ជូនជំនួយ ទៅកាន់ច្រាំង។ មន្ត្រីដែលបាននិយាយជាមួយអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាលម្អិតដែលមិនទាន់បានប្រកាសជាសាធារណៈនោះ បានបដិសេធមិនបង្ហាញអត្តសញ្ញាណភាគីទីបី។
ចក្រភពអង់គ្លេស កំពុងផ្តល់ការគាំទ្រផ្នែកភ័ស្តុភាររួចហើយសម្រាប់ការសាងសង់ផែនេះ រួមទាំងនាវា Royal Navy ដែលនឹងផ្ទុកទាហាន និងនាវិកអាមេរិករាប់រយនាក់ ដែលកំពុងធ្វើការលើគម្រោងនេះ។
ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា លើសពីនេះទៅទៀត អ្នករៀបចំផែនការយោធារបស់អង់គ្លេស ត្រូវបានដាក់បញ្ចូលនៅក្នុងទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋហ្វ្លរីដា និងនៅប្រទេសកោះស៊ីប ជាកន្លែងដែលជំនួយនឹងត្រូវបានត្រួតពិនិត្យ មុនពេលដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សាអស់រយៈពេលជាច្រើនសប្តាហ៍។