ភ្នំពេញ៖ បន្ទាប់ពីបានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលដោយគិតមកត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន ៥៦,៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦ នាក់ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ នេះបើតាមរបាយការណ៍ដែលបានផ្សព្វផ្សាយនៅលើតេឡេក្រាមផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនៅថ្ងៃនេះ។
របាយការណ៍បញ្ជាក់ថា ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាព ក្នុងនោះមាន ទី១ កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម។ ទី២ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត ទី៣បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង និងទី៤ ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលអនុវត្តបទបញ្ជាលេខ ០១បប របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ប្រកបដោយប្រសិទ្ធិភាព ស័ក្តសិទ្ធិភាព និងនិរន្តភាព៕ ដោយ ៖ ដារ៉ា

