នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកAnthony Albanese នៅថ្ងៃចន្ទនេះ បានពណ៌នាអំពីអំពើហិង្សាក្នុងគ្រួសារថា ជា «វិបត្តិជាតិ» បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅជុំវិញប្រទេសប្រឆាំងនឹងអំពើហិង្សាលើស្ត្រី។

មនុស្សរាប់ពាន់នាក់ បានតវ៉ានៅក្នុងទីក្រុងនានាជុំវិញប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះការស្លាប់របស់ស្ត្រី ២៧នាក់ រហូតមកដល់ពេលនេះ ដែលត្រូវបានចោទប្រកាន់ថា បណ្តាលមកពីអំពើហិង្សាផ្អែកលើយេនឌ័រ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ២៧លាននាក់។

លោក Albanese បាននិយាយនៅថ្ងៃចន្ទនេះថា ការប្រមូលផ្តុំគ្នានេះ គឺជាការអំពាវនាវឲ្យមានសកម្មភាពសម្រាប់រដ្ឋាភិបាលអូស្ត្រាលីគ្រប់លំដាប់ថ្នាក់ឲ្យធ្វើបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ។
លោក Albanese បានថ្លែងប្រាប់ទូរទស្សន៍ Nine Networkថា៖«ជាការច្បាស់ណាស់ យើងត្រូវធ្វើបន្ថែមទៀត។ វាមិនគ្រប់គ្រាន់ទេ ដើម្បីគ្រាន់តែទទួលបានការយោគយល់នោះ»។
លោកបានបន្ថែមថា៖«ការពិត…ដែលជាមធ្យម រៀងរាល់៤ថ្ងៃ ស្ត្រីម្នាក់ បានស្លាប់នៅក្នុងដៃរបស់ដៃគូម្នាក់ គឺជាវិបត្តិជាតិ»។
មានការប្រមូលផ្តុំចំនួន ១៧កន្លែង ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសអូស្ត្រាលីកាលពីចុងសប្តាហ៍ ដោយមានមនុស្សប្រមាណ ១៥.០០០នាក់ បានធ្វើបាតុកម្ម នៅក្នុងទីក្រុងម៉ែលប៊ន។
លោក Albanese បាននិយាយថា លោកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមួយ ឬក្រុមមេដឹកនាំរដ្ឋ និងដែនដី អូស្ត្រាលី នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីការសម្របសម្រួលឆ្លើយតបចំពោះបញ្ហានះ។