អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ (២៧ មេសា) ថាយ៉ាងហោចណាស់កុមារ ១៩ នាក់បានស្លាប់ ដោយការសង្ស័យថាមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងរដ្ឋ អាដាម៉ាវ៉ា (Adamawa) ភាគឦសាននៃប្រទេសនីហ៊្សេរីយ៉ា។

លោក ហ្វីឡិច ថាងវ៉ាមី (Felix Tangwami) ស្នងការសុខភាពនៅរដ្ឋ អាដាម៉ាវ៉ា បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា កុមារជាង ២០០ នាក់ត្រូវបានគេសង្ស័យថាបានរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងតំបន់ មូប៊ី ណស (Mubi North)។

លោក ថាងវ៉ាមី បាននិយាយថា របាយការណ៍ផ្លូវការបានបង្ហាញថា អ្នកស្លាប់ទាំង ១៩ នាក់នោះគឺបណ្តាលមកពីផលវិបាកនៃការផ្ទុះជំងឺកញ្ជ្រឹល ហើយបញ្ហានេះបាននាំទៅដល់ការចល័តនៃក្រុមវេជ្ជសាស្រ្ត និងការបញ្ជូនឱសថយ៉ាងរហ័សទៅកាន់សហគមន៍ដែលរងផលប៉ះពាល់។
លោកបន្ថែមថា កុមារដែលមានការឆ្លងមេរោគធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកទេស ខណៈស្តីបន្ទោសឪពុកម្តាយចំពោះការបដិសេធមិនផ្តល់ថ្នាំបង្ការដល់កូនៗរបស់ពួកគេ។
កញ្ជ្រឹលជាការឆ្លងមេរោគទូទៅក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំ ប៉ុន្តែអាចការពារបានយ៉ាងងាយតាមរយៈវ៉ាក់សាំង ហើយជំងឺនេះឆ្លងតាមខ្យល់ដង្ហើមដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកមានផ្ទុកជំងឺ៕