បាល់ទាត់៖ ក្លិបអង់គ្លេស Crystal Palace បានសំរេចក្នុងការនាំយកខ្សែការពារដាណឺម៉ាក Joachim Anderson ក្នុងកិច្ចសន្យា ៥ឆ្នាំពីក្លិបបារាំង Olympique Lyon។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចំណាយពេល ១រដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Fulham និងជាប្រធានក្រុម តែមិនអាចជួយ Fulham រួចផុតពីការកាត់ចោលទៅក្របខណ្ឌទីពីរ League Championship បាន។
មិនមានការបង្ហាញពីតំលៃនៃការផ្ទេរនេះឡើយ តែមានរបាយការណ៍ព័ត៌មានអង់គ្លេសបានចុះផ្សាយថា ការផ្ទេរនេះមានតំលៃប្រហែល ២០លានផោន។ Joachim Anderson គឺជាសមាជិករបស់ក្រុមជំរើសជាតិដាណឺម៉ាក ដែលឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២០ តែចាញ់អង់គ្លេស។ Anderson បានក្លាយជាកីឡាករចំនូលថ្មីទី៤ ដែលមកកាន់ Crystal Palace ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Patrick Vieira បន្ទាប់ពីខ្សែប្រយុទ្ធ Michael Olise ពី Reading អ្នកចាំទី Remi Matthew ពី Sunderland និងខ្សែការពារ Marc Guehi ពី Chelsea។ អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal លោក Patrick Vieira ត្រូវបានតែងតាំងជាអ្នកចាត់ការ Crystal Palace កាលពីដើមខែកក្កដាកន្លងទៅជំនួសលោក Roy Hodgson ដែលប្រកាសចូលនិវត្តន៍៕
អត្ថបទ៖នាង សុភាវុធ