មនុស្សយ៉ាងហោចណាស់ ៧០ នាក់បានស្លាប់នៅក្នុងប្រទេសកេនយ៉ា ចាប់តាំងពីពាក់កណ្តាលខែមីនា មក ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងទុកកាន់ច្រើន និងទឹកជំនន់បានបន្តជាច្រើនសប្ដាហ៍នៅទូទាំងប្រទេស។

នៅតំបន់ ម៉ាគូនី (Makueni) ភាគខាងកើត សាកសពចំនួន ៨ នាក់ត្រូវបានគេស្រង់បានកាលពីថ្ងៃសៅរ៍ពីទន្លេមួយ បន្ទាប់ពីរថយន្តដែលពួកគេកំពុងធ្វើដំណើរត្រូវបានទឹកហូរចេញពីស្ពានដែលលិចទឹក។

អ្នកស្រុកនិយាយថា ពួកគេកំពុងតែរង់ចាំទឹកស្រក ដើម្បីឱ្យក្រុមសង្គ្រោះពិនិត្យរកសាកសពដែលអាចជាប់គាំងក្នុងខ្សាច់ក្រោមទឹក ខណៈរថយន្តមានគេឃើញមួយគ្រឿងដឹកមនុស្សជាង ៣០ នាក់មុនពេលត្រូវទឹកហូរនាំទៅ។
អ្នកស្រុកបន្ថែមថា មនុស្សជិត ២០ នាក់ត្រូវបានជន់លិចដោយទឹកជំនន់ចូលទៅក្នុងទន្លេ ហើយមនុស្ស ១១ នាក់ត្រូវបានជួយសង្គ្រោះ។

ប្រទេសកេនយ៉ា បានជួបប្រទះភ្លៀងធ្លាក់ជាច្រើនសប្តាហ៍ និងទឹកជំនន់ធ្ងន់ធ្ងរ រួមទាំងនៅរដ្ឋធានីណៃរ៉ូប៊ី និងនៅតំបន់ភាគខាងលិច និងភាគកណ្តាលរបស់ប្រទេស ហើយប្រជាពលរដ្ឋត្រូវបានគេព្រមានឱ្យត្រៀមខ្លួនទប់ទល់នឹង «ភ្លៀងធ្លាក់កាន់តែខ្លាំង» បន្ថែមទៀត។
ភ្លៀងធ្លាក់លើសកម្រិតមធ្យម បានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅប្រទេសអាហ្រ្វិកខាងកើតមួយនេះ ដែលប៉ះពាល់ដល់មនុស្សជាង ១០០.០០០ នាក់ បំផ្លាញដំណាំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្ទះសម្បែង និងអាជីវកម្មខ្នាតតូចជាច្រើន៕