កណ្ដាល ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៦៥៥នាក់ ស្រីចំនួន៣៩៦នាក់ បន្តចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ ព្យាបាលជំងឺ និងចែកឱសថ ទឹកសុទ្ធ នំប៉័ង ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន២ស្រុក ១ក្រុង (ស្រុកស្អាង-ស្រុកកោះធំ-ក្រុងសំពៅលូន) ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន៩៩៣៦នាក់ ស្រ្តីមានចំនួន៥០៤១នាក់ នៅវិទ្យាល័យ ហ៊ុន សែន កោះធំ ខេត្តកណ្តាល, នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយសហការជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះធំ អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្តកណ្តាល បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។
នាឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត រួមនិងប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្អាង-ស្រុកកោះធំ និងក្រុងសំពៅលូន ខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដែលបានឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា ចំពោះការពិនិត្យ ព្យាបាលនាថ្ងៃនេះ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានអនុញ្ញាតផ្តល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាល និងចែកថ្នាំព្យាបាលឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិក សុខាភិបាលទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលនេះ។ ការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការបំពេញបេសកកម្មការងារប្រកបដោយឆន្ទៈដ៏មុតស្រួច និងបង្ហាញពីស្មារតីផូរផង់សម្រាប់ជាគំរូដល់យុវជនជំនាន់ក្រោយក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងបុព្វហេតុនានា ពិសេសក្នុងវិស័យសុខាភិបាល ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ នាពេលនេះ ពិតជាមានភាពសប្បាយរីករាយយ៉ាងក្រៃលែង ឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាពិសេស រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលក្រុង ស្រុក ដែលបានសហការយ៉ាងល្អក្នុងការរៀបចំការពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងអនុញ្ញាតឱ្យមានការ «ជីកព្រែកហ្វូណន-តេជោ» នៅក្នុងមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ជាដើម។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល សូមប្រកាសគាំទ្រយ៉ាងឱឡារឹក និងប្រឆាំងដាច់ខាតចំពោះជនអគតិទាំងឡាយណា ដែរមាននិន្នាការប្រឆាំងនឹង«គម្រោងព្រែកជីកហ្វូណន-តេជោ» នេះ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់២៨ មេសា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក ចំនួន១២,០៦៩នាក់ ដែលមាន២៨សាខា (ក្នុងនោះមានចំនួន២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃបានចំនួន១៩៨៤លើក មានប្រជាពលរដ្ឋចូលរួមចំនួន១៣,១៩២,០៩៩នាក់ (ដប់បីលាន ដប់ប្រាំបួនម៉ឺន ពីរពាន់ កៅសិបប្រាំបួន នាក់) គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៩,៦០៤,៩៥០ដុល្លារ (ប្រាំមួយរយហាសិបប្រាំបួនលាន ហុកសិបម៉ឺន បួនពាន់ ប្រាំបួនរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩២,៣៧៤ដូស(ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនពីរពាន់បីរយចិតសិបបួនដូស) ក្នុង២៥ រាជធានី-ខេត្ត៕
អត្ថបទ ៖ រដ្ឋា
























