
យោងតាមព័ត៌មានពីទីក្រុងគីវ បានឲ្យដឹងថា បុរសជនជាតិអ៊ុយក្រែនពីរនាក់ដែលត្រូវបានចាក់សម្លាប់ នៅរដ្ឋបាវ៉ារៀ(Bavaria)នៃប្រទេសអាល្លឺម៉ង់ភាគខាងត្បូង ដែលត្រូវបានចោទប្រកាន់ដោយពលរដ្ឋរុស្ស៊ី គឺជាសមាជិកនៃកងកម្លាំងប្រដាប់អាវុធ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា បុរសទាំងពីរនាក់ បានស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង ដើម្បីសម្រាកព្យាបាល បន្ទាប់ពីបានរងរបួស ក្នុងអំឡុងពេលសង្រ្គាម។
សេចក្តីរាយការណ៍នោះ បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba បានណែនាំអ្នកការទូតរបស់ខ្លួនឲ្យតាមដានជាពិសេសលើករណីនេះ និងរក្សាទំនាក់ទំនងឲ្យបានជាប់លាប់ជាមួយភ្នាក់ងារសន្តិសុខរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីនាំយកជនសង្ស័នោះឡើងតុលាការ។
បុរសពីរនាក់មកពីប្រទេសអ៊ុយក្រែន ត្រូវបានគេចាក់សម្លាប់ នៅក្នុងបរិវេណនៃមជ្ឈមណ្ឌលលក់ទំនិញ ក្នុងក្រុង Murnau ក្នុងរដ្ឋ Upper Bavaria កាលពីល្ងាចថ្ងៃសៅរ៍។
បន្តិចក្រោយមក នគរបាលបានចាប់ខ្លួនបុរសជនជាតិរុស្សីម្នាក់ មានវ័យ ៥៧ឆ្នាំ។
បណ្តាញសារព័ត៌មានអនឡាញ Ukrainska Pravda បានរាយការណ៍ថា លោក Kuleba បានថ្លែងអំណរគុណដល់អាជ្ញាធរអាល្លឺម៉ង់សម្រាប់ការចាប់បុរសរុស្ស៊ីរូបនេះ។
យោងតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងនៅថ្ងៃចន្ទនេះ រហូតមកដល់ពេលនេះ ពុំទាន់មានសញ្ញាណាមួយដែលបង្ហាញថា ឧក្រិដ្ឋកម្មនេះ ជាប់ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។