
ប្រទេសចិន នៅថ្ងៃចន្ទ (ទី២៩ ខែមេសា) នេះ បានព្រលយពាក្យថា ខ្លួនអាចនឹងសងសឹក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ ដើម្បីពង្រឹងដល់ការការពាររបស់កោះតៃវ៉ាន់ និងដើម្បីឲ្យម្ចាស់ជនជាតិចិនរបស់ TikTok ផ្ដាច់ខ្លួនចេញពីវេទិការបស់បណ្ដាញសង្គមមួយនេះ។
គួរបញ្ជាក់ថា លោក Biden បានចុះហត្ថលេខាលើច្បាប់ ស្តីពីកញ្ចប់ជំនួយយោធា កាលពីថ្ងៃទី២៤ ខែមេសា ដោយថវិកាភាគច្រើនផ្ដល់ទៅឲ្យអ៊ុយក្រែន ដើម្បីជួយប្រទេសនេះការពារខ្លួនពីការលុកលុយរបស់រុស្ស៊ី និងទៅឲ្យអ៊ីស្រាអែល។ ហើយលោកក៏បានចុះហត្ថលេខាលើសំណើច្បាប់ដាច់ដោយឡែកពីច្បាប់ជំនួយនេះ ពោលគឺជាច្បាប់ហាមប្រាមបណ្ដាញសង្គម TikTok មិនឲ្យដំណើរការ នៅសហរដ្ឋអាមេរិក ប្រសិនបើម្ចាស់ក្រុមហ៊ុនចិន គឺក្រុមហ៊ុន ByteDance មិនព្រមលក់កម្មវិធីនេះ ក្នុងរង្វង់រយៈពេល ៩ខែ ទៅ ១ឆ្នាំទេនោះ។
និយាយនៅឯទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានជំរុញឲ្យសហរដ្ឋអាមេរិកកុំអនុវត្តច្បាប់ «អវិជ្ជមាន និងទាក់ទងនឹងប្រទេសចិន»។ ដោយមិនបានបញ្ជាក់លម្អិត លោក Lin បាននិយាយថា៖ «ប្រសិនបើសហរដ្ឋអាមេរិកនៅចចេសប្រកាន់ខ្ជាប់ដំណើរផ្លូវរបស់ខ្លួននោះ ប្រទេសចិននឹងចាត់វិធានការដោយម៉ឺងម៉ាត់ឥតងាករេ ដើម្បីការពារយ៉ាងដាច់ខាតនូវផលប្រយោជន៍សន្តិសុខ និងការអភិវឌ្ឍរបស់ខ្លួន»។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុតរបស់កោះតៃវ៉ាន់ ទោះបីមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ចិនដែលចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួននោះ តែងតែបានទាមទារម្តងហើយម្តងទៀតឲ្យបញ្ឈប់ការលក់អាវុធទៅកោះនេះ៕