
តុលាការថៃ នៅថ្ងៃចន្ទ (ទី២៩ ខែមេសា) នេះ បានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំបន្ថែមទៀត ចំពោះមេធាវីសកម្មជនដ៏លេចធ្លោម្នាក់ដែលត្រូវផ្ដន្ទាទោសរួចហើយ ជុំវិញបទល្មើសប្រមាថព្រះមហាក្សត្រទាក់ទងនឹងសុន្ទរកថា ដែលរូបគេបានធ្វើនៅឯការតវ៉ាឆ្នាំ២០២១។ នេះបើតាមការឲ្យដឹងពីមេធាវីរបស់អ្នកទោសរូបនេះ។
មេធាវីលោក Junjira Junpaew បានប្រាប់សារព័ត៌មាន Reuters ថា កូនក្ដីរបស់លោក គឺលោក Arnon Nampa វ័យ ៣៩ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និង២០ថ្ងៃ ព្រមទាំងត្រូវបានពិន័យជាប្រាក់ចំនួន ១០០បាត (២,៧០ដុល្លារ) ពីបទប្រមាថព្រះមហាក្សត្រ ការរំលោភលើក្រឹត្យបន្ទាន់ និងបទចោទប្រកាន់ផ្សេងទៀត ពាក់ព័ន្ធនឹងការថ្លែងសុន្ទរកថានៅឯបាតុកម្មនយោបាយក្នុងឆ្នាំ២០២១។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Arnon កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ជុំវិញការផ្តន្ទាទោសពីបទប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសមួយកើតចេញពីសុន្ទរកថានៅឯបាតុកម្មនយោបាយ ក្នុងឆ្នាំ២០២០ និងមួយទៀតពីការបង្ហោះតាមបណ្ដាញសង្គមក្នុងឆ្នាំ២០២១។ រូបលោកបានជាប់ពន្ធនាគារតាំងពីខែកញ្ញាឆ្នាំមុនមកម៉្លេះ។
ហើយបើយោងតាមក្រុមមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស បានឲ្យដឹងថា ការកាត់ទោសចុងក្រោយនេះត្រូវបានបញ្ជាឲ្យអនុវត្តបន្តគ្នា ដែលមានន័យថា លោក Arnon នឹងត្រូវជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និង ២០ថ្ងៃ។
គួរដឹងដែរថា ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលជាច្បាប់ដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោក ការពាររបបរាជានិយមមិនឲ្យមានការរិះគន់ ហើយជនទាំងឡាយណាដែលរំលោភលើច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារហូតដល់ ១៥ឆ្នាំ៕