
លោក Humza Yousaf បានលាលែងពីតំណែងជាមេដឹកនាំនៃគណបក្សជាតិស្កុតឡែន (SNP) និងជារដ្ឋមន្ត្រីទី១ របស់ប្រទេសស្កុតឡែន។
ការសម្រេចនេះកើតឡើងភ្លាមៗ បន្ទាប់ពីលោក Yousaf បានបញ្ចប់ការដឹកនាំរបស់រដ្ឋាភិបាលចម្រុះ រវាងគណបក្ស SNP និង Scottish Greens។ ចំណាត់ការនោះបានបង្កឲ្យមានការស្នើបោះឆ្នោតដកទំនុកចិត្ត ២ដង ដោយគណបក្សប្រឆាំងដែលមើលទៅលោក Humza ទំនងជារងបរាជ័យ។
អំឡុងការប្រកាសតាមទូរទស្សន៍ លោក Yousaf បានប្រាប់ថា៖ «ខ្ញុំមិនមានឆន្ទៈក្នុងការធ្វើជំនួញលើតម្លៃ និងគោលការណ៍របស់ខ្ញុំ ឬធ្វើកិច្ចព្រមព្រៀងជាមួយអ្នកណាក៏បាន ដោយគ្រាន់តែចង់រក្សាអំណាចនោះទេ»។
គួរបញ្ជាក់ថា ជោគវាសនារបស់គណបក្ស SNP ដែលគាំទ្រឯករាជ្យ បានជួបនឹងភាពមិនច្បាស់លាស់ ចំពេលមានរឿងអាស្រូវថវិកា និងការលាលែងពីតំណែងរបស់លោកស្រី Nicola Sturgeon ជាមេដឹកនាំគណបក្សកាលពីឆ្នាំមុន។ ជម្លោះផ្ទៃក្នុងបានកើតមានឡើង ពាក់ព័ន្ធនឹងរបៀបវិវត្តន៍ដែលគណបក្សគួរដាក់ចេញនូវគោលនយោបាយ ខណៈដែលចង់ទាក់ទាញការគាំទ្ររបស់អ្នកបោះឆ្នោតមកវិញ។
កាលពីដើមខែនេះ លោក Yousaf បាននិយាយថា លោកមានទំនុកចិត្តខ្ពស់ថា លោកអាចឈ្នះការបោះឆ្នោតដកទំនុកចិត្ត ដែលអំពាវនាវដោយគូប្រជែងនយោបាយ។ តែទោះបីជាយ៉ាងណាក្ដី គិតត្រឹមថ្ងៃចន្ទនេះ ការស្នើរបស់លោកក្នុងការចរចាជាមួយភាគីផ្សេងទៀត ដើម្បីជំរុញរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក មើលទៅស្ថិតក្នុងភាពមិនច្បាស់លាស់៕