
យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់ក្នុងរដ្ឋ Kerala នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ដោយសង្ស័យថា មានជំងឺសុរិយរោគ ពោលគឺសន្លប់ដោយសារក្ដៅខ្លាំង ខណៈប្រទេសនេះបានជួបប្រទះនឹងរដូវក្តៅស្ទើរទ្រាំមិនបាន ដែលឃើញថា សីតុណ្ហភាពកើនឡើងដល់កម្រិតខ្ពស់បំផុត។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋនេះ លោក Shekhar Kuriakose បានប្រាប់ឲ្យដឹងថា៖ «មានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីអ្នកស្លាប់ប៉ុន្មាននាក់ ប៉ុន្តែវាមិនត្រូវបានគេរាយការណ៍មកយើងជាផ្លូវការនោះទេ»។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានលើកឡើងថា បម្រែបម្រួលអាកាសធាតុកំពុងរួមចំណែកឲ្យមានរលកកម្ដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងរយៈពេលយូរជាងមុន អំឡុងរដូវក្តៅនេះ។ សីតុណ្ហភាពនៅទូទាំងរដ្ឋ Kerala ត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់ជាងធម្មតា ដែលបណ្តាលឲ្យអាជ្ញាធរចេញការព្រមានដោយសុំឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះការឡើងកម្ដៅ។
ទន្ទឹមនឹងនេះដែរ នៅរដ្ឋជិតខាង Tamil Nadu អ្នកនយោបាយប្រចាំតំបន់ម្នាក់ បានផ្ដល់ជូនផ្លែឈើស្រស់ៗ ដូង និងភេសជ្ជៈត្រជាក់ផ្សេងទៀត ដើម្បីជួយឲ្យប្រជាជនរក្សាភាពត្រជាក់ ចំពេលសីតុណ្ហភាពឡើងក្ដៅកាន់តែខ្លាំង។
នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្យាករពីការមានរលកកម្ដៅច្រើនថ្ងៃខុសពីធម្មតា នៅចន្លោះខែមេសា ដល់ខែមិថុនាឆ្នាំនេះ៕