ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ជូនដោយលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជាស្ថិតនៅទីស្នាក់ការអាជ្ញាធរមីននាថ្ងៃ29មេសាឆ្នាំ2024សម្រាប់ការងារលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។
នាឱកាសនោះ លោក Robert Hwang អនុប្រធានអនុប្រធានសមាគមវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ថវិការសប្បុរសធម៌ដល់អាជ្ញាធរមីន នាពេលនេះ ជាការប្តេជ្ញាចិត្ត និងការចូលរួមរបស់របស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីនរបស់ប្រជាពល រដ្ឋខ្មែរ ហើយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អាជ្ញាធរមីន ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ធគ្រឿងផ្ទុះ ជាពិសេសប្រែក្លាយដីមីនឱ្យក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណដល់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ដែលបានផ្តល់ថវិកាសប្បុរសធម៌ និងតែងតែគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។ ក្នុងពិធីនេះដែរ ឯកឧត្តម បានបង្ហាញទឹកចិត្តកត្តញ្ញូតាធម៌ ចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាវីរៈបុរសដ៏ឆ្នើមមួយរូប បានផ្តួចផ្តើមសកម្ម ភាពបោសសម្អាតមីននៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា និងបានបង្កើតលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ហើយវានឹងក្លាយជាកេរដំណែលដ៏ធំធេងរបស់សម្តេច បន្សល់ទុលដល់ព្រជាពលខ្មែរគ្រប់ជំនាន់។
ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ការ ដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបន្តខិតខំដឹកនាំកម្ពុជាឆ្ពោះទៅរកប្រទេសមួយដែលគ្មានការរងគ្រោះដោយសារគ្រាប់មីន ។
ឯកឧត្តមបណ្ឌិត បានលើកឡើងផងដែរថា គិតត្រឹមឆ្នាំ ២០២៣ កម្ពុជាបានរំដោះផ្ទៃដីដែលមានគ្រាប់មីន និងសណល់ជាតិផ្ទុះពីសង្គ្រាម បានសរុបចំនួន ៣. ០២៤ គីឡូម៉ែតក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់លានគ្រាប់ ប៉ុន្តែទោះយ៉ាង នេះក្តី កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៦៨ គីឡូម៉ែតក្រឡា ដែលត្រូវបន្តបោសសម្អាត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ៕ ដោយ,ភារម្យ





