សាកលវិទ្យាល័យ កូឡុំប៊ី (Columbia) បានចាប់ផ្តើមព្យួរឈ្មោះរបស់ក្រុមសកម្មជននិស្សិតគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីក្រុមបាតុករគាំទ្រដែនដីរាប់រយនាក់បានបដិសេធមិនព្រមដកខ្លួនចេញពីជំរំក្នុងបរិវេណសាកលវិទ្យាល័យត្រឹមម៉ោង ២ រសៀលថ្ងៃចន្ទទី២៩ មេសាសប្ដាហ៍នេះ ។

បាតុកររាប់រយនាក់នៅតែប្រមូលផ្ដុំគ្នាក្នុងបរិវេណសាកលវិទ្យាល័យនេះ បន្ទាប់ពីកាលកំណត់ត្រឹមម៉ោង ២រសៀល បានកន្លងផុតទៅ។ការទាមទារសំខាន់មួយរបស់ក្រុមបាតុករគឺ សាកលវិទ្យាល័យកូឡុំប៊ី ត្រូវបញ្ឈប់ការផ្ដល់មូលនិធិ ដែលគាំទ្រយោធាអ៊ីស្រាអែល។

សាកលវិទ្យាធិការនៃសាកលវិទក្យាល័យកូឡុំប៊ី លោកស្រីណេម៉ាតមីណូឆេ ហ្សាហ្វីក (Nemat Minouche Shafik) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការចរចារវាងសាកលវិទ្យាល័យ និងក្រុមបាតុករនិស្សិតបានបរាជ័យ ហើយសាកលវិទ្យាល័យបានបដិសេធមិនព្រមបញ្ឈប់ការផ្ដល់ជំនួយសម្រាប់ប្រទេសអ៊ីស្រាអែល។
លោកស្រីក៏បាននិយាយផងដែរថាលោកស្រីមិនចង់ ផ្អាកនិស្សិតរាប់ពាន់នាក់ និងក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេពីពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាទេ ជាពិសេសនិស្សិតជាច្រើនដែលនឹងចាកចេញពីសាកលវិទ្យាល័យនៅឆ្នាំនេះ មិនបានចូលរួមពិធីទទួលសញ្ញាបត្របញ្ចប់ថ្នាក់វិទ្យាល័យដោយសារតែការរាតត្បាតនៃវីរុស Covid-19។
មនុស្សយ៉ាងហោចណាស់៤០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងបរិវេណសាកលវិទ្យាល័យ Texas នៅទីក្រុង Austin កាលពីថ្ងៃចន្ទ ខណៈសាកលវិទ្យាល័យ Northwestern បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយនិស្សិតដើម្បីរុះរើជំរំរបស់ពួកគេជាថ្នូរនឹងសម្បទានរដ្ឋបាលផ្សេងៗ។

ក្រុមអ្នកតវ៉ា ប្ដេជ្ញា បន្តការបោះជំរំនៅក្នុងសាកលវិទ្យាល័យ New York City រហូតដល់សាកលវិទ្យាល័យ កូឡុំប៊ី សម្រេចបានការទាមទាររបស់ខ្លួន ៣ចំណុច គឺ ការបញ្ឈប់កញ្ចប់ជំនួយដល់អ៊ីស្រាអែល តម្លាភាពនៅក្នុងផ្នែកហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យកូឡុំប៊ី និងការលើកលែងទោសដល់ក្រុមនិស្សិត និងវិន័យរបស់សាកលវិទ្យាល័យសម្រាប់ការចូលរួមរបស់ពួកគេក្នុងការតវ៉ាផ្សេងៗ៕