បាល់ទាត់៖ ក្លិបអង់គ្លេស Portsmouth បានសំរេចបញ្ចប់កុងត្រាកីឡាកររបស់ខ្លួន ៣នាក់ បន្ទាប់ពីរកឃើញថា ពួកគេបានប្រើប្រាស់ពាក្យសំដីមិនសមរម្យរើសអើង កីឡាករក្រុមជំរើសជាតិអង់គ្លេសដែលចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ កន្លងមក។
ក្រុមអង់គ្លេសបានចាញ់អ៊ីតាលីនៅវគ្គ ១១ម៉ែត្រកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី១១ ខែកក្កដានៅកីឡដ្ឋាន Wembley។ កីឡាករ ៣នាក់របស់ Portsmouth ដែលមិនត្រូវបានបញ្ចេញឈ្មោះត្រូវបានគេរកឃើញថា បានប្រើពាក្យមិនសមរម្យរើសអើងពណ៌សម្បុរនៅលើបណ្តាញសង្គម ជាពិសេសគឺបាញ់សំដៅលើ Bukayo Saka, Marcus Rashford និង Jadon Sancho ដែលស៊ុត ១១ម៉ែត្រមិនចូល។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានថ្កោលទោសការរំលោភបំពានប្រកាន់ជាតិសាសន៍ ទៅលើកីឡាករក្រុមបាល់ទាត់អង់គ្លេស បន្ទាប់ពីពួកគេបានបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ European Championship។ ប៉ូលីសក្រុងឡុងដ៍បានបើកការស៊ើបអង្កេត ទៅលើការវាយលុកលើបណ្តាញសង្គមដែលបានផ្តោតលើកីឡាករស្បែកខ្មៅចំនួន ៣នាក់រួមមាន Marcus Rashford, Jadon Sancho និង Bukayo Saka ដែលពួកគេទាំង ៣នាក់ស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីមិនចូល។
ផ្ទាំងគំនូររបស់ Marcus Rashford នៅលើជញ្ជាំងហាងកាហ្វេមួយនៅភាគខាងត្បូងទីក្រុង Manchester ក៏ត្រូវបានគេធ្វើឱ្យខូចទ្រង់ទ្រាយ បន្ទាប់ពីបរាជ័យរបស់អង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ។ ការរំលោភបំពានការរើសអើងជាតិសាសន៍ ដែលត្រូវបានថ្កោលទោសថាជាទង្វើរ "មិនអាចលើកលែងបាន" ស្របពេលអ្នកចាត់ការអង់គ្លេស លោក Gareth Southgate ធ្លាប់បានអំពាវនាវដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook រឺ Twitter ឱ្យធ្វើអ្វីបន្ថែមទៀតក្នុងការតាមប្រមាញ់ជនល្មើសនៃការរំលោភបំពាននេះ៕
អត្ថបទ៖នាង សុភាវុធ