ក្រុមប្រឹក្សាអន្តរកាលថ្មីរបស់ប្រទេសហៃទី គ្រោងនឹងជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសនៅថ្ងៃអង្គារ (៣០ មេសា) នេះ ប៉ុន្តែមេដឹកនាំក្រុមជនអន្ធពាលដែលបានបង្កើនការគ្រប់គ្រងក្នុងប្រទេស កំពុងទាមទារឥទ្ធិពលនយោបាយ និងការលើកលែងទោស ហើយគំរាមកំហែងបង្កើតអំពើហិង្សាបន្ថែមទៀត ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានបំពេញ។

កាលពីសប្តាហ៍មុន បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក អារីយែល ហង់រី (Ariel Henry) បានលាលែងពីដំណែង ក្រុមប្រឹក្សាអន្តរកាលនេះត្រូវបានដំឡើងជាផ្លូវការ ដែលត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការបង្កើតសន្តិសុខឡើងវិញ បន្ទាប់ពីអំពើហិង្សារបស់ក្រុមជនអន្ធពាលជាច្រើនឆ្នាំដែលបានកើនឡើងយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។

ស្ថាប័នសហគមន៍សមុទ្រការ៉ាអ៊ីបក្នុងតំបន់ (CARICOM) ដែលដឹកនាំការតាក់តែងពង្រាងនៃក្រុមប្រឹក្សានេះ ហាមប្រាមសមាជិកក្រុមជនអន្ធពាល ឬអ្នកដែលរងទណ្ឌកម្មអន្តរជាតិមិនឱ្យចូលរួម ប៉ុន្តែបណ្ដាមេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ប្រទេសហៃទី កំពុងគំរាមកំហែងបង្កចលាចល និងអំពើហិង្សាបន្ថែមទៀត ប្រសិនបើពួកគេមិនត្រូវបានអនុញ្ញាតិឱ្យធ្វើនយោបាយ។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មានមនុស្សលើសពីម្នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សារបស់ក្រុមជនអន្ធពាលហៃទី រៀងរាល់មួយម៉ោងម្ដងក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ក៏មានរបាយការណ៍រីករាលដាលនៃក្រុមជនអន្ធពាលដែលប្រើអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ ការចាប់ជំរិតយកប្រាក់លោះ និងការធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ពីប្រជាជនផងដែរ៕