បងប្អូនពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានបន្តផុលផុសប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោង«ព្រែកជីកហ្វូណនតេជោ» ខណៈតាមរយៈចលនាយ៉ាងភ្លូកទឹកភ្លូកដីនេះសបញ្ជាក់ឲ្យឃើញពីការសាមគ្គីភាព និងជាតិនិយម ដែលចង់បាន និងចង់ឃើញកម្ពុជាមានភាពរីកចម្រើនបន្ថែមទៀត និងមិនពឹងផ្អែកលើដង្ហើមអ្នកដទៃបន្តទៀត ក្នុងការដឹកជញ្ជូនទំនិញពីកម្ពុជាទៅក្រៅប្រទេសនោះ។
ចលនាដែលបានបន្តប្រកាសគាំទ្រដល់ការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ»ពីសំណាក់ មហាជននេះគឺបានធ្វើឡើងតាមរយៈវិដេអូឃ្លីប តាមរយៈញាត្តិ និងតាមបណ្តាញសង្គមផ្សេងៗ ដោយពួក លើកឡើងដូចៗគ្នាថា ការធ្វើព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន បន្ថែមទៀតដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជា ជនកម្ពុជាបានប្រកាសពន្យល់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះដែរ។
ជាមួយនឹងការប្រកាសគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំង ក្នុង និងក្រៅប្រទេសទាំងនោះក៏បានប្រកាសថ្លែងអំណរគុណ និងពេញចិត្តយ៉ាងខ្លាំងចំពោះគោលជំហរ របស់រាជរដ្ឋាភិបាលមិនកែប្រែចំពោះគម្រោងនៃការធ្វើ«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ មួយវិញទៀត ពួកគេក៏ប្រកាសគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនរាថយ និង បិទផ្លូវចចារជាមួយប្រទេសជិតខាងទាក់ទងនឹងគម្រោងនេះផងដែរ។
ការប្រកាសគាំទ្ររបស់បងប្អូនប្រជាពរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសយ៉ាងភ្លូកទឹកភ្លូកដីនេះគឺបាន ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខចិត្តយកជីវិតមកដាក់ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជនអគតិមួយក្តាប់តូចយ៉ាងណាក៏ដោយនោះ។
គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ព្រែកជីកហ្វូ ណនតេជោ អាចនឹងបើកការដ្ឋានសាងសង់នូវចុងឆ្នាំ២០២៤ឬយូរបំផុតដើមឆ្នាំ២០២៥ បើទោះជាគ្មាន លុយពីបរទេសក៏កម្ពុជានឹងខិតខំធ្វើយ៉ាងណាឲុ្យគម្រោងនេះឲ្យសម្រេចទាល់តែបានផងដែរ៕ អត្ថបទ៖ បាន ចក់