អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទ (២៩ មេសា) ថាមនុស្ស ២៥ នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ ៣០០ ម៉ែត្រនៅភាគខាងជើងប្រទេសប៉េរូ កាលពីយប់ថ្ងៃអាទិត្យ។

លោក អ៊ូហ្គោ អ៊ូរីអាតេ (Hugo Uriarte) ប្រមុខនគរបាលក្នុងខេត្ត សេលែនឌីន (Celendin) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រថយន្តក្រុងអន្តរខេត្តនោះ ដឹកអ្នកដំណើរប្រមាណ ៥០ នាក់ នៅពេលជួបគ្រោះថ្នាក់នៅវេលាម៉ោង ១០:១០ នាទីយប់ (ម៉ោងក្នុងស្រុក) តាមដងផ្លូវទៅកាន់ខេត្ត សេលែនឌីន ក្នុងតំបន់ ខាហាម៉ាកា (Cajamarca)។

លោកបន្ថែមថា រថយន្តក្រុងនោះដំបូងមានអ្នកដំណើរចំនួន ៣៥ នាក់ ប៉ុន្តែបានយកអ្នកដំណើរបន្ថែមទៀតនៅតាមផ្លូវ។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ប៉ុន្តែមានភាពស្មុគស្មាញដោយសារជម្រៅនៃជ្រោះ និងឧបសគ្គផ្សេងៗ។
អ្នកនៅរស់រានមានជីវិតមួយចំនួន រួមទាំងអ្នកបើកបរបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្ត និងតំបន់ ហើយអាជ្ញាធរកំពុងប្រមូលព័ត៌មានពីជនរងគ្រោះដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ៕