ប្រទេសចិន កាលពីថ្ងៃចន្ទទី២៩មេសា សប្ដាហ៍នេះ បាននិយាយថា ខ្លួនកំពុងគំរាមចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារខ្លួន បន្ទាប់លោកពីប្រធានាធិបតី Biden បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់កាលពីថ្មីៗនេះ ដែលផ្តល់ជំនួយបរទេសដល់កោះតៃវ៉ាន់ និងបង្ខំឱ្យម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok មានមូលដ្ឋាននៅប្រទេសចិន លក់ app កម្មវិធីឲ្យខ្លួន បើពុំនោះនឹងត្រូវបានហាមប្រាមមិនឲ្យមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក។

ច្បាប់ដែលបានអនុម័តដោយលោក Biden កាលពីថ្ងៃពុធសប្តាហ៍មុន ផ្តល់ជំនួយចំនួន៩៥ ពាន់លានដុល្លារដល់អ៊ុយក្រែន និងអ៊ីស្រាអែល រួមទាំងជិត ២ ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមឃ្លាំងសព្វាវុធរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ទៅឱ្យតៃវ៉ាន់ និងសម្ព័ន្ធមិត្តក្នុងតំបន់ផ្សេងទៀត។ ការចុះហត្ថលេខាលើច្បាប់នេះ ក៏បានទុកពេល៩ខែឱ្យក្រុមហ៊ុនមេរបស់ចិន ByteDance ផងដែរដើម្បីលក់ បណ្ដាញសង្គមកម្សាន្ត TikTok ហើយអាចបន្ថែមរយៈពេលបីខែទៀត ប្រសិនបើការលក់កំពុងដំណើរការ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ចិន បដិសេធយ៉ាងដាច់អហង្ការចំពោះការអនុម័តរបស់សហរដ្ឋអាមេរិក និងការចុះហត្ថលេខាលើច្បាប់កញ្ចប់ជំនួយយោធាដែលមានខ្លឹមសារអវិជ្ជមានលើប្រទេសចិន។

កញ្ចប់ជំនួយនេះ បំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់ចិន។ ហើយក៏រួមបញ្ចូលទាំងជំនួយយោធាដ៏ធំដល់កោះតៃវ៉ាន់ផងដែរ ដែលជាទ្វើបំពានយ៉ាងខ្លាំងលើគោលការណ៍ចិនតែមួយ និងជាការបញ្ជូនសញ្ញាខុសទាំងស្រុងដល់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ។លោកបានបន្តថា ច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌៕