ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) និយាយថា រុស្ស៊ីកំពុងទាញយកផលប្រយោជន៍ពីការបញ្ជូនអាវុធរបស់លោកខាងលិចយឺតយ៉ាវ ដើម្បីបន្តការវាយលុក។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលើកញ្ចប់ជំនួយយោធាចំនួន ៦១ ពាន់លានដុល្លារ (៤៩ ពាន់លានផោន) សម្រាប់អ៊ុយក្រែន។
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា ជំនួយមួយចំនួន បានចាប់ផ្តើមមកដល់ហើយ ប៉ុន្តែបានបន្ថែមថា ចាំបាច់ត្រូវផ្តល់ឲ្យលឿនជាងមុន។

លោកកំពុងនិយាយជាមួយប្រធានអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) ដែលបានលើកឡើងថា៖«វាមិនយឺតពេលទេសម្រាប់អ៊ុយក្រែន ក្នុងការយកឈ្នះនោះទេ»។
ការអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរនៅក្នុងកំពង់ផែសមុទ្រខ្មៅនៃទីក្រុងអូដេសា ( Odesa) បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្ស ៤នាក់ និងរបួស ៣២នាក់។
ប្រធានតំបន់អូដេសា លោក Oleh Kiper បាននិយាយថា ស្ត្រីបីនាក់ និងបុរសម្នាក់ បានស្លាប់ ហើយអ្នករងរបួសរួមមានក្មេងអាយុ ៤ឆ្នាំម្នាក់ និង ១៦ឆ្នាំម្នាក់ ព្រមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ លោកបន្តថា ផ្ទះប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវរងការខូចខាត។
កាលពីព្រឹកថ្ងៃចន្ទ រុស្ស៊ីបាននិយាយថា ខ្លួនបានដណ្តើមយកភូមិទី២ ក្នុងរយៈពេលពីរថ្ងៃ ក្នុងដំណើរនៃការវាយលុករបស់ខ្លួន នៅអ៊ុយក្រែនភាគខាងកើត។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងគីវ លោកប្រធានាធិបតី ហ្សេឡិនស្គី បាននិយាយថា៖«ឥឡូវនេះ កងទ័ពរុស្ស៊ី កំពុងព្យាយាមទាញយកប្រយោជន៍ពីស្ថានភាពមួយ នៅពេលដែលយើងកំពុងរង់ចាំជំនួយផ្គត់ផ្គង់ពីដៃគូរបស់យើង ជាពិសេសពីសហរដ្ឋអាមេរិក។