អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការដ៏ធំមួយដើម្បីទប់ស្កាត់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនឲ្យចេញដីកាចាប់ខ្លួនក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួន ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប។

ប្រភពការទូតអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Jerusalem Post កាលពីថ្ងៃអាទិត្យថា ការិយាល័យនាយករដ្ឋមន្ត្រីបារម្ភថាតុលាការICC នឹងចេញដីកាចាប់ខ្លួនក្នុងពេលឆាប់ៗនេះលើលោក នាយករដ្ឋមន្ត្រី Benjamin] Netanyahu រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ក៏ដូចជាអគ្គសេនាធិការកងកម្លាំងការពារ IDF លោក ហើហ្សល ហាឡេវី (Herzl Halevi)។
ប្រភពនោះបាននិយាយ តើលោកប្រធានាធិបតីអាមេរិក Joe] Biden នៅឯណា?ហេតុអ្វីបានជាលោកនៅស្ងៀម ខណៈគេចោទអ៊ីស្រាអែល។

ប្រភពអ៊ីស្រាអែលបាន លើកឡើងថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ(Hague)មិនអាចធ្វើសកម្មភាពប្រឆាំងនឹងលោក Netanyahu និងមន្ត្រីយោធាជាន់ខ្ពស់ ដោយគ្មានមានការគាំទ្រ ឬយុទ្ធសាស្ត្រពីសហរដ្ឋអាមេរិកនោះទេ។
អ្នកវិភាគជនជាតិអ៊ីស្រាអែល លោក Ben Caspit បាននិយាយថា លោក Netanyahu ស្ថិតក្រោមភាពតានតឹងខុសពីធម្មតា ជុំវិញការរំពឹងទុកនៃដីកាចាប់ខ្លួនរបស់តុលាការ ICC លើរូបលោក និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀត។

មុននេះ ក្រសួងការបរទេសអ៊ីស្រាអែលបានណែនាំស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោកឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន ប្រសិនបើ តុលាការ ICC ចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧តុលាឆ្នាំមុន ដែលអ៊ីស្រាអែល និយាយថាក្រុមនេះ បានសម្លាប់មនុស្សជិត ១.២០០ នាក់ ហើយចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជិត៣៤.៥០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕