សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានអំពាវនាវដល់ប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាអាវុធដល់ភាគីសង្រ្គាមរបស់ស៊ូដង់ឲ្យបញ្ឈប់ការលក់អាវុធ ដោយព្រមានថា ប្រវត្តិសាស្ត្រនៅក្នុងតំបន់ Darfur ភាគខាងលិចដ៏ធំ ដែលមានការប្រល័យពូជសាសន៍ កាលពី ២០ឆ្នាំមុន «កំពុងកើតឡើងម្តងទៀត»។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Linda Thomas-Greenfield បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ទីក្រុង El Fasher ជារដ្ឋធានីតែមួយគត់នៅក្នុងតំបន់ Darfur ដែលមិនត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធគឺ «ស្ថិតនៅលើចំណុចកណ្តាលនៃការសម្លាប់រង្គាលទ្រង់ទ្រាយធំ»។

លោកស្រី បានជំរុញឲ្យប្រទេសទាំងអស់លើកឡើងការគំរាមកំហែងដែលថា «វិបត្តិកំពុងកើតឡើង»។ ឯកអគ្គរដ្ឋទូតរងរបស់ចក្រភពអង់គ្លេស លោក James Kariuki បានបញ្ជាក់ពីការអំពាវនាវរបស់លោកស្រីដោយនិយាយថា៖«រឿងចុងក្រោយដែលស៊ូដង់ត្រូវការ គឺការកើនឡើងបន្ថែមទៀតលើជម្លោះនេះ ដែលបានកើតឡើង ពេញមួយឆ្នាំហើយនោះ»។
លោកស្រី Thomas-Greenfield បាននិយាយថា មាន «របាយការណ៍គួរឲ្យទុកចិត្ត» ដែលកងកម្លាំង យោធាប៉ារ៉ាគាំទ្ររហ័ស និងកងជីវពលសម្ព័ន្ធមិត្តរបស់ពួកគេ បានវាយលុកភូមិជាច្រើន នៅភាគខាងលិចនៃទីក្រុង El Fasher ហើយកំពុងរៀបចំផែនការ «ការវាយប្រហារដែលនឹងកើតឡើងលើទីក្រុង El Fasherនេះ»។
លោកស្រី Thomas-Greenfield បានព្រមានថា៖« ការវាយប្រហារលើទីក្រុង El Fasher នឹងក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ» ដោយនិយាយថា វានឹងធ្វើឲ្យមនុស្សពីរលាននាក់ដែលរស់នៅក្នុងទីក្រុង El Fasher និង ប្រជាជនស៊ូដង់ ៥០០.000 នាក់ ដែលបានស្វែងរកការជ្រកកោននៅទីនោះ ប្រឈមនឹងហានិភ័យ។