ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត ២ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ស្តីពីលទ្ធផលបណ្ដោះអាសន្នសម្រាប់ថ្ងៃទី០៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ១៨.៧៣៧នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។
សេចក្តីប្រកាសព័ត៌មាន នេះបានឲ្យដឹងថា លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ សម្រាប់ថ្ងៃទី0៤ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសមានដូចខាងក្រោម ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៨.៧៣៧នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៥.០៨៤នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១២.៤៤៨នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៤.៣៤០នាក់។
សេចក្តីប្រកាសព័ត៌មាន នេះបានបន្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គងទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនផងដែរ។
សូមបញ្ជាក់ថា តាមការប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០របស់ គជប ចំនួនប្រជាពលរដ្ឋគ្រប់អាយុដែលត្រូវចុះឈ្មោះបោះឆ្នោតសរុបនៅទូទាំងប្រទេសមានចំនួនប្រមាណ ៣០ម៉ឺននាក់ ដោយការចុះបោះឆ្នោតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១នេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕ អត្ថបទ៖ សេក ឧត្តម


