ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានឱ្យដឹងថា ជម្លោះ និងគ្រោះធម្មជាតិបានបង្ខំកុមារជាង ៤,១ លាននាក់ ឱ្យឈប់រៀននៅក្នុងតំបន់ អាមហារ៉ា (Amhara) នៃប្រទេសអេត្យូពី។

ការិយាល័យកិច្ចការមនុស្សធម៌ UNOCHA បាននិយាយនៅក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃចន្ទ (២៩ មេសា) ថា កុមារទាំងនោះមិនទទួលបានការអប់រំរៀនសូត្រដោយសារតែការប៉ះទង្គិចដែលកំពុងបន្ត គ្រោះរាំងស្ងួត និងកត្តាផ្សំផ្សេងៗទៀត។ ទីភ្នាក់ងារបាននិយាយថាតួលេខនេះតំណាងឱ្យប្រហែល ៣៥ ភាគរយនៃចំនួនសិស្សសរុបនៅក្នុងតំបន់សម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន។
យោងតាមទិន្នន័យពីស្ថាប័នមនុស្សធម៌នេះបានឱ្យដឹងថា ភាពអសន្តិសុខដែលកំពុងបន្ត និងផលប៉ះពាល់នៃជម្លោះភាគខាងជើងនៃប្រទេសអេត្យូពីរយៈពេលពីរឆ្នាំថ្មីៗនេះបានបង្ខំឱ្យសាលារៀនចំនួន ៤.១៧៨ ត្រូវបិទទ្វារ ដែលស្មើនឹងប្រហែល ៤១ ភាគរយនៃសាលារៀនសរុបនៅក្នុងតំបន់។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ការិយាល័យ UNOCHA នៅក្នុងរបាយការណ៍ស្ថានភាពមនុស្សធម៌ចុងក្រោយបង្អស់របស់ប្រទេសអេត្យូពី បានព្រមានថាអសន្តិសុខដែលកំពុងបន្ត និងលក្ខខណ្ឌគ្រោះរាំងស្ងួត កំពុងបណ្តាលឱ្យមានការផ្លាស់ទីលំនៅជាមួយនឹងកំណើននៃភាពងាយរងគ្រោះក្នុងចំណោមសហគមន៍ដែលរងផលប៉ះពាល់ ជាពិសេសកុមារ៕