សារព័ត៌មានក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទទី២៩មេសាសប្ដាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់ដែលគេសង្ស័យថា ដោយសារតែក្ដៅខ្លាំងពេកឬជំងឺសុរិយរោគ នៅក្នុងរដ្ឋ កេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា ខណៈប្រទេសនេះ ព្យាយាមទប់ទល់ការកើនឡើងសីតុណ្ហភាពដល់កម្រិតខ្ពស់បំផុត។

សារព័ត៌មាន Hindu បានរាយការណ៍ថា ស្ត្រីចំណាស់វ័យ៩០ឆ្នាំម្នាក់ និងបុរសវ័យ៥៣ឆ្នាំ ម្នាក់ បានស្លាប់នៅក្នុងរដ្ឋកេរ៉ាឡា កាលពីថ្ងៃអាទិត្យ ស្របពេលសីតុណ្ហភាពហក់ឡើងខ្ពស់ដល់៤១,៩ អង្សាសេ កើនឡើងជិត៥,៥អង្សាសេ លើសពីកម្រិតធម្មតា ។
លោក សេកហា គូរីយ៉ាកូស (Shekhar Kuriakose) មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បាននិយាយថា យើងពុំទាន់ផ្ដល់ការបញ្ជាក់ច្បាស់បានទេ ថាតើការស្លាប់ទាំងនោះ ដោយសារតែរលកកម្ដៅឬយ៉ាងណា ហើយដំណើរការតាមវេជ្ជសាស្ត្រកំពុងប្រព្រឹត្តទៅនាពេលបច្ចុប្បន្ននេះ ។

ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា បម្រែបម្រួលអាកាសធាតុ នេះកំពុងរុញឲ្យមានរលកកម្ដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងមានរយៈពេលកាន់តែយូរ អំឡុងខែរដូវក្ដៅនេះ៕