អាណត្តិរបស់គណៈកម្មការអង្គការសហប្រជាជាតិ ក្នុងការតាមដានពិនិត្យការអនុវត្តទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង នឹងផុតកំណត់នៅថ្ងៃអង្គារនេះ បន្ទាប់ពីការវ៉េតូរបស់រុស្ស៊ី នៃការបន្តរបស់គណៈកម្មការនេះ។ កាលពីខែមុន រុស្ស៊ីបានវ៉េតូសេចក្តីសម្រេចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបន្តអាណត្តិរបស់គណៈកម្មការ។ ដោយចាប់ផ្តើមនៅឆ្នាំ ២០០៩ គណៈកម្មាការ បានពិនិត្យមើលពីរបៀបដែលទីក្រុងព្យុងយ៉ាង គេចវេសពីការដាក់ទណ្ឌកម្ម និងបានបន្តកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ក្រុមនេះ បានចេញរបាយការណ៍ពីរដងក្នុងមួយឆ្នាំ។

ឯកសារចុងក្រោយ បាននិយាយថា៤០ភាគរយនៃកម្មវិធីអាវុធមហាប្រល័យ របស់ប្រទេសកូរ៉េខាងជើង ត្រូវបានផ្តល់មូលនិធិដោយ «មធ្យោបាយតាមបណ្តាញអ៊ីនធឺណេតខុសច្បាប់» ដោយលើកឡើងពីរបាយការណ៍ដោយរដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ក្រុមគណៈកម្មការនេះ ក៏កំពុងតាមដានការផ្គត់ផ្គង់សព្វាវុធដែលត្រូវបានចោទប្រកាន់ថាកូរ៉េខាងជើង ផ្តល់ដល់ប្រទេសរុស្ស៊ី។ ការផ្ទេរបែបនេះនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសដទៃទៀតដើម្បីបង្កើតយន្តការថ្មីមួយសម្រាប់ត្រួតពិនិត្យការគេចវេសពីទណ្ឌកម្ម។
លោកស្រី តាកឺឈី ម៉ៃកូ(Takeuchi Maiko) អតីតគណៈកម្មការរបស់ក្រុមនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា លោកស្រីជឿថា រុស្ស៊ីបានវេតូសេចក្តីសម្រេចនេះ ដើម្បីបង្កភាពងាយស្រួលដល់ប្រទេសនេះ ក្នុងការគេចវេសពីទណ្ឌកម្ម ដើម្បីនាំចូលគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង និងធ្វើកិច្ចការផ្សេងៗទៀត។ លោកស្រីបញ្ជាក់ថា ទស្សនៈរបស់លោកស្រីគឺប្រទេសកូរ៉េខាងជើង បានក្លាយជាប្រទេសចាំបាច់សម្រាប់រុស្ស៊ី ខណៈទីក្រុងព្យុងយ៉ាងផ្តល់មីស៊ីលបាលីស្ទីក និងគ្រាប់រំសេវ ដល់ប្រទេសនេះ ក្នុងពេលទីក្រុងមូស្គូវាយលុកលើអ៊ុយក្រែន។