ប្រទេសឥណ្ឌា បានកោះហៅស្នងការរងកាណាដា កាលពីថ្ងៃចន្ទ (២៩ មេសា) ហើយបានសម្តែង «ការព្រួយបារម្ភ និងការតវ៉ាយ៉ាងខ្លាំង» បន្ទាប់ពីក្រុមអ្នកចូលរួមការជួបជុំមួយលើកពាក្យស្លោកផ្ដាច់ខ្លួនជាច្រើនឃ្លាដើម្បីគាំទ្រដល់ស្រុកកំណើតពលរដ្ឋសាសនាស៊ីក នៅក្នុងព្រឹត្តិការណ៍មួយដែលថ្លែងដោយលោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau)។

ទំនាក់ទំនងការទូតទ្វេភាគីមានភាពជូរចត់កាលពីឆ្នាំមុន បន្ទាប់ពីលោក ទ្រូដូ បាននិយាយថា កាណាដា កំពុង «បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់» ដែលថាភ្នាក់ងារឥណ្ឌា អាចជាប់ទាក់ទងទៅនឹងការសម្លាប់មេដឹកនាំសាសនាស៊ីក ម្នាក់កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលជាពលរដ្ឋសញ្ជាតិកាណាដា។

ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទ ថាខ្លួនបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង និងការតវ៉ា» ចំពោះសកម្មភាពបែបនេះ «ត្រូវបានអនុញ្ញាតឱ្យបន្តដោយមិនមានការត្រួតពិនិត្យនៅក្នុងព្រឹត្តិការណ៍ជួបជុំ ជាពិសេសជាមួយប្រមុខដឹកនាំ»។
ពាក្យស្លោកជាច្រើនឃ្លាដែលគាំទ្រដល់ការងើបឡើងនៃរដ្ឋផ្ដាច់ខ្លួនមួយ ត្រូវបានលើកឡើងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង តូរ៉ុនតូ (Toronto) នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ANI ដែលដកស្រង់សម្តីលោក ទ្រូដូ ដោយនិយាយថា «យើងនឹងនៅទីនោះជានិច្ចដើម្បីការពារសិទ្ធិ និងសេរីភាពរបស់អ្នក ហើយយើងនឹងការពារសហគមន៍របស់អ្នកប្រឆាំងនឹងការស្អប់ខ្ពើម និងការរើសអើង»។
ប្រទេសកាណាដាមានប្រជាជនកាន់សាសនាស៊ីក ច្រើនជាងគេនៅខាងក្រៅរដ្ឋ ផុនចាប (Punjab) ដែលជាស្រុកកំណើតរបស់ពួកគេក្នុងប្រទេសឥណ្ឌា ហើយប្រទេសនេះបានក្លាយជាកន្លែងនៃបាតុកម្មជាច្រើនដែលបានធ្វើឱ្យប្រទេសឥណ្ឌាមានការខឹងសម្បារ៕