ប្រទេសជប៉ុនអាចឈ្នះចិន ក្នុងការដាក់អវកាសយានិកនៅលើភពព្រះចន្ទ ស្របពេលលោកប្រធានាធិបតីអាមេរិក Joe Biden បានសន្យាថា អវកាសយានិកជប៉ុននឹងក្លាយជាមនុស្សដំបូងគេ មិនមែនជាជនជាតិអាមេរិក ដែលបានចុះចតលើផ្ទៃភពព្រះចន្ទ ខណៈអង្គការណាសា (Nasa)ហៅថាជាការប្រណាំងប្រជែងផ្នែកអវកាសថ្មី។

ក្រោមផែនការដែលបានគូសបញ្ជាក់ដោយលោក Biden និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida កាលពីថ្ងៃទី១០ ខែមេសា ប្រទេសជប៉ុននឹងធ្វើការយ៉ាងប្រកៀកស្មាគ្នាជាមួយសហរដ្ឋអាមេរិកដើម្បីដាក់អវកាសយានិកម្នាក់នៅលើភពព្រះចន្ទជាផ្នែកនៃបេសកកម្ម អាតេមីស (Artemis) របស់អង្គការ ណាសា ជាលើកដំបូងនៅឆ្នាំ២០២៨ និងម្តងទៀតនៅឆ្នាំ ២០៣២ ។
ផែនការនេះធ្វើឲ្យជប៉ុនត្រូវប្រជែងជាមួយចិន ដែលធ្លាប់បានប្រកាសពីផែនការដាក់អវកាសយានិកនៅលើភពព្រះចន្ទត្រឹមឆ្នាំ ២០៣០។

ប្រទេសចិន ក៏មានផែនការសាងសង់មូលដ្ឋាននៅភពព្រះចន្ទរួមគ្នាជាមួយរុស្ស៊ីនៅឆ្នាំ ២០៣៥ ស្របពេលប្រធានអង្គការណាសាលោក Bill Nelson បានធ្លាប់បានហៅដដែលៗ ថាជា ការប្រណាំងប្រជែងផ្នែកអវកាសថ្មី ។

លោក Nelson បាននិយាយកាលពីដើមខែនេះ ដោយសំដៅទៅលើប្រទេសចិន ថា យើងជឿថា កម្មវិធីអវកាសស៊ីវិលជាច្រើនរបស់ពួកគេ គឺជាកម្មវិធីយោធា។ ហើយលោកគិតថា ជាក់ស្តែង យើងកំពុងស្ថិតក្នុងការរត់ប្រណាំងមួយ។
ប្រទេសចិនបានបង្កើនកម្មវិធីអវកាសរបស់ខ្លួនរួចហើយ ដោយបានសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួនដោយជោគជ័យ និងគ្រោងនឹងចុះចតយានអវកាសស៊ើបអង្កេតមួយនៅចំហៀងឆ្ងាយពីភពព្រះចន្ទ ដែលបែរមុខទៅឆ្ងាយជាអចិន្ត្រៃយ៍ពីភពផែនដីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕