ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែសីហាឆាប់ៗខាងមុខ ដ្បិតបច្ចុប្បន្នការសាងសង់ស្ទើររួចរាល់ ១០០% ហើយ។

ថ្លែងពីទីក្រុងតូក្យូ នាយបេសកកម្មអត្តពលិកអូឡាំពិកកម្ពុជាដដែលបានបញ្ជាក់ថា មកទល់ពេលនេះការងារសាងសង់បានសម្រេច សមិទ្ធផលគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ បន្ទាប់ពីការងារបំពាក់កៅអី ការរៀបចំពីសរត់អត្តពលកម្ម និងទីលានប្រកួតបាល់ទាត់ បានរៀបចំ និងសាងសង់រួចរាល់។ ចំណែកអាងទឹកដែលជានិមិត្តរូបកកសិន្ធអង្គរក៏បានរៀបចំ និងបំពាក់នូវប្រព័ន្ធភ្លើងរួចដែរ ពិសេសប្រព័ន្ធភ្លើង និងប្រព័ន្ធសំឡេងក្នុងកីឡដ្ឋានបានរៀបចំ និងបើកសាកល្បងប្រកបដោយភាពទាក់ទាញ និងគួរឲ្យមានមោទនភាពបំផុត។

គួរដឹងថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏អស្ចារ្យនេះអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា