មនុស្ស ៤០នាក់ បានស្លាប់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមករលកកម្តៅដែលបានបន្តអស់រយៈពេលជាងមួយខែ។ ចំណែកមនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺគ្រុនក្តៅ ក្នុងរយៈពេលតែមួយថ្ងៃ កាលពីថ្ងៃអាទិត្យ។

ជីវិតមនុស្ស ត្រូវបានរំខានដោយសាររលកកម្ដៅខ្លាំង។ នាយកដ្ឋានឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីកម្តៅនេះ ក្នុងរយៈពេល ៧២ម៉ោង ក្នុងជុំទី៥។

នាយកដ្ឋានឧតុនិយម បានជូនដំណឹងថា រលកកម្តៅនៅទូទាំងប្រទេស នឹងបន្តកើតមាន។ សីតុណ្ហភាពទំនងជានឹងកើនឡើងបន្ថែមទៀត នៅក្នុងខែឧសភា។ អ្នកជំនាញសុខភាព បានណែនាំកុំឲ្យចេញក្រៅផ្ទះប្រសិនបើមិនចាំបាច់ទេនោះ។
យោងតាមការព្រមានរបស់នាយកដ្ឋានឧតុនិយមឲ្យបានដឹងថា ការឈឺចាប់ អាចនឹងកើនឡើង ដោយសារតែចំហាយទឹកកើនឡើងខ្លាំង។ ទន្ទឹមនឹងនេះ ឥទ្ធិពលកម្តៅនៃសម្ពាធមហាសមុទ្រទាបលើតំបន់ West Bengal និងតំបន់ជុំវិញ ត្រូវបានគេមើលឃើញ នៅលើផ្ទៃដី។
ដោយសាររលកកម្ដៅឡើងខ្លាំង អ្នកធ្វើការ រងផលប៉ះពាល់ខ្លាំងជាងគេបំផុត។ អ្នកបើករ៉ឺម៉ក និងអ្នកបើកបររថយន្តដែលប្រើហ្គាស កំពុងទទួលរងផលប៉ះពាល់ខ្លាំងពីរលកកម្តៅនេះ។ គេឃើញមនុស្សជាច្រើនឈប់ជិះរ៉ឺម៉ក និងដេកក្រោមម្លប់ដើមឈើ ដើម្បីបំបាត់កម្ដៅ។
សីតុណ្ហភាពរបស់ប្រទេសបង់ក្លាដែស បានបន្តពីកើនឡើងពី ៤០ ទៅ ៤២,៧ អង្សាសេ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ជាពិសេសនៅក្នុងរដ្ឋធានីដាក្កា (Dhaka) សីតុណ្ហភាព បានបន្តលើសពី ៤០ អង្សាសេ ក្នុងរយៈពេល ១៤ថ្ងៃ ចុងក្រោយនេះ។