អ្នកនាំពាក្យសេវាព្រំដែនអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ូគ្រីនហ្វម (Ukrinform) ថា បុរសជនជាតិអ៊ុយក្រែនប្រហែល ៣០ នាក់បានស្លាប់ដោយព្យាយាមឆ្លងព្រំដែនចេញពីប្រទេសអ៊ុយក្រែន ដោយខុសច្បាប់ ដើម្បីគេចចេញពីការប្រយុទ្ធគ្នាក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមនៅឆ្នាំ២០២២។

លោក អាន់ឌ្រី ដេមឈិនកូ (Andriy Demchenko) បាននិយាយថា «អ្នកខ្លះបានបាត់បង់ជីវិត ខណៈពេលដែលពួកគេព្យាយាមឆ្លងទន្លេ ឬឆ្លងកាត់ភ្នំ ហើយសរុបមក ចាប់តាំងពីការលុកលុយពេញលេញបានចាប់ផ្តើម មនុស្សប្រហែល ៣០ នាក់បានស្លាប់ដោយប៉ុនប៉ងឆ្លងដែនខុសច្បាប់»។

ជាមួយនឹងករណីលើកលែងមួយចំនួន បុរសជនជាតិអ៊ុយក្រែនដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសទេ ព្រោះពួកគេអាចត្រូវបានប្រមូលផ្តុំដើម្បីធ្វើជាកងកម្លាំងប្រយុទ្ធ នេះបើយោងតាមច្បាប់អាជ្ញាសឹករបស់ប្រទេសអ៊ុយក្រែន។
លោក ដេមឈិនកូ បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក ឆ្មាំល្បាតព្រំដែនបានរកឃើញក្រុមឧក្រិដ្ឋជនប្រហែល ៤៥០ ក្រុមដែលបានប៉ុនប៉ងរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់។
កាលពីដើមខែមេសា លោក ដេមឈិនកូ បានប្រាប់ទូរទស្សន៍រដ្ឋរបស់អ៊ុយក្រែនថា ជាមធ្យមបុរសប្រហែល ១០ នាក់ ដែលព្យាយាមចាកចេញពីអ៊ុយក្រែនដោយខុសច្បាប់ ត្រូវបានបញ្ឈប់ជារៀងរាល់ថ្ងៃ៕