សហជីពគ្រាប់ធញ្ញជាតិផលិតប្រេង និងសហជីពកម្មករដែនសមុទ្ររបស់ប្រទេសអាហ្សង់ទីន បានធ្វើកូដកម្មកាលពីថ្ងៃចន្ទ (២៩ មេសា) ដើម្បីតវ៉ាចំពោះសេចក្ដីស្នើច្បាប់កំណែទម្រង់ការងារដែលគាំទ្រដោយប្រធានាធិបតីសេរីនិយមជ្រុលនិយម លោក ហាវីយេ មីឡៃ (Javier Milei) ខណៈដែលសមាជិកសភាបានចាប់ផ្តើមការជជែកដេញដោលលើសំណើច្បាប់នោះ។

អាហ្សង់ទីន គឺជាប្រទេសនាំចេញសណ្តែកសៀងកែច្នៃដ៏សំខាន់មួយរបស់ពិភពលោក ហើយប្រាក់ចំណូលបានមកពីការនាំចេញទំនិញគឺជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់ដែលត្រូវការដើម្បីទូទាត់បំណុល និងហិរញ្ញវត្ថុសម្រាប់ការនាំចូលរបស់រដ្ឋាភិបាលដែលកំពុងជាប់គាំងលើបញ្ហាសាច់ប្រាក់ ស្របពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏យូរ។

កូដកម្មបានធ្វើឡើងបន្ទាប់ពីសមាជិកសភានៅក្នុងសភាជាន់ទាបរបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមការពិភាក្សាលើសេចក្ដីស្នើច្បាប់កំណែទម្រង់សេដ្ឋកិច្ចដ៏ធំចំនួនពីរ ដែលស្នើឡើងដោយលោកប្រធានាធិបតី មីឡៃ ដែលអំពាវនាវឱ្យធ្វើឯកជនភាវូបនីយកម្ម និងគោលនយោបាយសារពើពន្ធកាន់តែតឹងរ៉ឹង ក៏ដូចជាពន្ធលើប្រាក់ខែខ្ពស់ និងកំណែទម្រង់ការងារ។
លោក មីឡៃ បានឡើងកាន់អំណាចកាលពីខែធ្នូ ដោយសន្យាកាត់បន្ថយការចំណាយសាធារណៈ និងទប់ស្កាត់អតិផរណាខ្ពស់ ប៉ុន្តែការជំរុញកំណែទម្រង់របស់លោកបានប្រឈមមុខនឹងការតស៊ូយ៉ាងតឹងរឹងពីគូប្រជែងកណ្តាលនិយមឆ្វេង និងបង្កឱ្យមានបាតុកម្មជាបន្តបន្ទាប់៕