គិតមកដល់បច្ចុប្បន្ននេះ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) មានវ័យ ១២ឆ្នាំហើយ ដែលបង្កើតឡើងដើម្បីលើកឡើងអំពីបញ្ហាទៅកាន់រដ្ឋាភិបាល អាជីវកម្ម សហគមន៍ មហាជន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងធ្វើឲ្យមជ្ឈដ្ឋាន អាជីវកម្មមានភាពល្អប្រសើរជាងមុន។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា នៅក្រោយកម្មវិធីតំរង់ទិសសមាជិកាថ្មី២០២៤ និងជំនួបសហគ្រិនស្រ្តី កាលពីរសៀលថ្ងៃទី២៩ ខែមេសាកន្លងទៅ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា មកដល់ពេលនេះសមាគមតែងតែជំរុញ និងលើកទឹកចិត្តដល់សហគ្រិនទាំងអស់ ជាពិសេសមុខរបរទាំងឡាយដែលគ្រប់គ្រងដោយស្រ្តី គឺចង់ឃើញគាត់មានភាពរីកចម្រើន ខណៈសមាគមកំពុងមានគម្រោងក្នុងការពង្រីកវិសាលភាពទៅដល់ក្រៅប្រទេសថែមទៀត។

លោកជំទាវ បានឲ្យដឹងទៀតថា គិតត្រឹមបំណាច់ឆ្នាំ២០២៣ សមាគមមានសមាជិកសរុបចំនួនប្រមាណ ៨០០នាក់។ ដោយឡែក ទាក់ទិនគម្រោងក្នុងអាណិត្ត ដែលលោកជំទាវទើបចូលកាន់តំណែងថ្មីៗនេះ លោកជំទាវបានបញ្ជាក់ថា ធ្វើយ៉ាងណា នឹងព្យាយាមរក្សាបាននូវសមាជិកចាស់ ហើយនឹងបង្កើតសមាជិកថ្មីឲ្យកាន់តែច្រើនថែមទៀត។ ហើយដើម្បីទទួលបានសមាជិកថ្មីច្រើនទៀតនោះ គឺក្រុមការងារបានត្រៀមគណៈកម្មការច្រើនដែលជួយអភិវឌ្ឍន៍ទៅលើផ្នែកខាងក្នុង ដូចជាហេដ្ឋារចនារបស់សមាគម និងការគ្រប់គ្រងផ្ទៃក្នុងជាដើម ដើម្បីបម្រើនូវសេវាកម្មល្អទៅដល់សមាជិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជា។
ក្នុងពិធីខាងលើនេះ លោកស្រី ឌុច លីនដា អគ្គលេខាធិការសហគ្រិនស្រ្តីកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយសារការមើលឃើញថា ស្រ្តីជាច្រើននៅកម្ពុជាទទួលបានការយកចិត្តទុកដាក់ជាហូហែរ ក្នុងការជួយជំរុញអាជីវកម្ម, បង្កើតសាមគ្គីភាព ក៏ដូចជាការលើកទឹកចិត្តជំរុញភាពអង់អាចក្លាហានក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនស្ត្រីដ៏រឹងមាំ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពសហគ្រិនស្ត្រីឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា លក្ខខណ្ឌដើម្បីអាចក្លាយជាសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាបាន ស្ត្រីត្រូវមានមុខរបរ អាជីវកម្ម ឬស្ត្រីដែលមានតួនាទីមុខងារ មុខតំណែង នៅក្នុងស្ថាប័នឯកជន។ ចំពោះអត្ថប្រយោជន៍ សមាជិកទាំងអស់អាចបង្កើតទំនាក់ទំនងបណ្តាញក្នុងការប្រកបអាជីវកម្ម មិនថាខ្នាតតូច មធ្យម ឬធំនោះទេ។ ក្រៅពីទំនាក់ទំនងអាជីវកម្ម ក៏ទទួលបានការបណ្តុះបណ្តាលពីជំនាញការគ្រប់គ្រងអាជីវកម្មផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី





